របៀបលះបង់ការមើលរូបភាពអាសអាភាសក្នុងនាមជាគ្រីស្ទបរិស័ទ
បើនិយាយមួយបែប ការលះបង់ការមើលរូបភាពអាសអាភាស (Porn) ក្នុងនាមជាគ្រីស្ទបរិស័ទ គឺមិនខុសប្លែកពីមនុស្សទូទៅនោះឡើយ។ វាមានយុទ្ធសាស្ត្រដែលឆ្លងកាត់ការសាកល្បងតាមពេលវេលា និងមានជំហាននានាដែលអ្នកអាចអនុវត្តដើម្បីធានាថាអ្នកអាចបំផ្លាញចំណងនេះបានជាស្ថាពរ។ ប៉ុន្តែ ក្នុងនាមជាគ្រីស្ទបរិស័ទ អ្នកមិនមែនគ្រាន់តែស្វែងរកការកែប្រែឥរិយាបថខាងក្រៅនោះទេ។ គ្រីស្ទបរិស័ទគួរតែខិតខំប្រឹងប្រែងធ្វើឱ្យបានដូចព្រះយេស៊ូវ នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។ ខ្ញុំបានបម្រើការងារនៅស្ថាប័ន Covenant Eyes ដោយបានជួយគ្រីស្ទបរិស័ទជាច្រើនឱ្យឈ្នះលើអំពើបាបនៃការមើលរូបភាពអាសអាភាស អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនោះ ខ្ញុំបានជជែកជាមួយមនុស្សជាច្រើនអំពីការបរាជ័យ និងជ័យជម្នះរបស់ពួកគេ នៅក្នុងដំណើរឆ្ពោះទៅរកជីវិតដែលគ្មានរូបភាពអាសអាភាស។ នេះជាអ្វីដែលខ្ញុំបានរៀនសូត្រ៖
ចូរគិតគូរពីតម្លៃដែលត្រូវបង់
« ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន» (លូកា ១៤:២៨)
ប៉ុន្តែ ការឈ្នះលើរូបភាពអាសអាភាស មិនមែនគ្រាន់តែជាការដកចេញនូវផលវិបាកអវិជ្ជមានប៉ុណ្ណោះទេ។ វាទាមទារឱ្យមានការលះបង់នូវអ្វីមួយដែលធ្លាប់ផ្តល់នូវសេចក្តីសុខស្រួលខាងសាច់ឈាមយ៉ាងខ្លាំងក្លា។ វាមានន័យថាជាការស្ម័គ្រចិត្តដើរទៅមុខបន្តទៀតសូម្បីតែក្នុងពេលដែលជួបការលំបាកបំផុត។ វាមានន័យថាជាការព្រមទទួលយកផលដែលកើតមានឡើង។
តើវាមានតម្លៃសមនឹងលះបង់ដែរឬទេ? បាទ គឺវាពិតជាមានតម្លៃណាស់។ ប៉ុន្តែវាត្រូវមានតម្លៃដែលត្រូវបង់។
ចូរសារភាពអំពើបាបរបស់អ្នក
ការចាប់ផ្តើមធ្វើជាគ្រីស្ទបរិស័ទ គឺទាមទារឱ្យមានការសារភាពបាបចំពោះព្រះជាម្ចាស់ជាមុនសិន ហើយអ្នកក៏ត្រូវធ្វើរឿងដដែលនេះម្តងទៀត នៅពេលអ្នកប្រឈមមុខនឹងអំពើបាបដែលចាក់ឫសយ៉ាងជ្រៅ ដូចជាការមើលរូបភាពអាសអាភាសនេះឯង។
លន់តួ (សារភាព) ចំពោះព្រះជាម្ចាស់
«បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១ យ៉ូហាន ១:៩)
ពេលយើងសារភាពចំពោះព្រះ យើងមិនមែនគ្រាន់តែនិយាយថា «ខ្ញុំសុំទោសដែលខ្ញុំធ្វើខុស» នោះឡើយ។ ការសារភាពដ៏ពិតប្រាកដគឺជ្រៅជាងនេះ។ វាគឺជាការនិយាយថា «ទូលបង្គំបានធ្វើខុស ហើយទូលបង្គំគ្មានកម្លាំងសមត្ថភាពផ្ទាល់ខ្លួនដើម្បីកែប្រែរឿងនេះបានឡើយ»។ នេះឆ្លុះបញ្ចាំងពីជំហានដំបូងនៅក្នុងកម្មវិធីស្តារនីតិសម្បទាដោះលែងពីការញៀនទាំង ១២ ជំហាន (12-step program) ហើយវាក៏ជាគោលការណ៍ដ៏ជ្រាលជ្រៅមួយនៅក្នុងព្រះគម្ពីរផងដែរ។ យើងត្រូវតែទទួលស្គាល់ទាំងអំពើបាបរបស់យើង និងទទួលស្គាល់ទាំងតម្រូវការរបស់យើងចំពោះព្រះអង្គសង្គ្រោះ។
សារភាពចំពោះអ្នកដទៃ
«ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់» (យ៉ាកុប ៥:១៦)
គ្រីស្ទបរិស័ទជាច្រើនពិបាកយល់ថា ហេតុអ្វីបានជាការសារភាពប្រាប់មនុស្សម្នាក់ទៀតជារឿងសំខាន់ម៉្លេះ។ ព្រោះថា បន្ទាប់ពីបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងររួចមក ស្តេចដាវីឌបានទូលថា៖ «ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្តីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ» (ទំនុកដំកើង ៥១:៤)។ ដូច្នេះ សម្រាប់រឿងដូចជាការមើលរូបភាពអាសអាភាស បើ យើងសារភាពចំពោះព្រះ គឺវាគ្រប់គ្រាន់ហើយមែនទេ?
ខ្ញុំបានឮរឿងរ៉ាវជាច្រើនរបស់អ្នកដែលបានសារភាពបាបរបស់ខ្លួនចំពោះព្រះម្តងហើយម្តងទៀត ប៉ុន្តែនៅតែមិនអាចរកឃើញសេរីភាពទាល់តែសោះ។ ខ្ញុំក៏ធ្លាប់ជួបបទពិសោធន៍បែបនេះផ្ទាល់នៅក្នុងជីវិតរបស់ខ្ញុំដែរ ជាមួយនឹងការតស៊ូប្រឆាំងនឹងអំពើបាបផ្សេងៗ រាប់ទាំងសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម (ដណ្ដឹងតណ្ហា) ផងដែរ។
ហេតុអ្វីបានជាដូច្នោះ? មូលហេតុមួយគឺថា ការសារភាពចំពោះព្រះ ជារឿយៗមានអារម្មណ៍ថាដូចជាមិនសូវពិតប្រាកដ (ទាស់ភ្នែក) ស្មើនឹងការសារភាពចំពោះមនុស្សម្នាក់ទៀតនោះឡើយ។ យើងមិនអាចមើលឃើញព្រះ ដឹងពីទឹកព្រះភក្ត្ររបស់ព្រះអង្គនៅពេលយើងទូលទ្រង់អំពីអ្វីដែលយើងបានធ្វើនោះទេ។ ហើយយើងអាចនឹងល្បួងចិត្តគិតថា «ព្រះទ្រង់ជ្រាបរួចទៅហើយ តើចាំបាច់ត្រូវសារភាពធ្វើអ្វីទៀត?»។
វាអាចមានមូលហេតុផ្សេងៗទៀត។ ប៉ុន្តែនេះហើយជាមូលហេតុដែលព្រះជាម្ចាស់បង្គាប់ឱ្យយើងសារភាពបាបទៅវិញទៅមកផងដែរ។ ជំនឿរបស់យើងមិនដែលត្រូវបានបង្កើតឡើងសម្រាប់ឱ្យរស់នៅដោយឯកោ ដាច់ដោយឡែកពីគេនោះឡើយ។
ចូរស្វែងរកការលើកទឹកចិត្ត
«តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប» (ហេព្រើរ ៣:១៣)
ជារឿយៗ នៅពេលគ្រីស្ទបរិស័ទគិតអំពី «ការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក» (Accountability) ពួកគេតែងតែនឹកឃើញតែពាក្យថា «ចូរដឹងច្បាស់ថា បាបរបស់អ្នកនឹងតាមទាន់អ្នកមិនខាន» «តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់»(ជនគណនា ៣២:២៣)។ ប៉ុន្តែព្រះគម្ពីរបង្រៀនថា យើងត្រូវការការលើកទឹកចិត្ត ខ្លាំងជាងការស្តីបន្ទោសទៅទៀត។ ហេតុនេះហើយបានជាយើងចូលចិត្តនិយាយថា ការទទួលខុសត្រូវចំពោះគ្នា មិនមែនជាការដេញដោលទម្លាក់កំហុសដាក់គ្នាចំពោះអំពើបាបនោះទេ ប៉ុន្តែវាជាការដាស់តឿនរំលឹកគ្នាទៅវិញទៅមកឱ្យរស់នៅស្របតាមឋានៈដែលយើងមាននៅក្នុងព្រះគ្រីស្ទ។
វាទាមទារឱ្យមានផែនការច្បាស់លាស់
«ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសំរេច។» (សុភាសិត ១៦:៣) ពាក្យស្លោកបុរាណមួយពោលថា៖ «បើអ្នកមិនបាញ់ព្រួញសំដៅទៅរកអ្វីសោះ អ្នកច្បាស់ជាបាញ់ចំភាពទទេស្អាតមិនខាន»។ របៀបពោលនេះពិតជាត្រូវគ្នានឹងការបង្រៀនរបស់ព្រះគម្ពីរ។ ព្រះគម្ពីរតម្រូវឱ្យយើងបង្កើតផែនការ។ យើងក៏គួរតែស្វែងរកដំបូន្មានដ៏ល្អបំផុតដែលយើងអាចរកបាន ដើម្បីរៀបចំផែនការទាំងនោះ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។» (សុភាសិត ១៥:២២) ជាជាងការធ្វើអ្វីៗតាមតែចិត្តខ្លួនឯង ម្នាក់ឯង។
ប៉ុន្តែ ចូរកត់សម្គាល់នូវអ្វីដែលបទគម្ពីរចែងអំពីផែនការរបស់យើង៖ គឺយើងត្រូវផ្ញើ ឬប្រគល់ផែនការទាំងនោះថ្វាយព្រះជាម្ចាស់។ ផ្នែកមួយគឺដោយសារតែយើងមិនមានវិន័យ និងកម្លាំងចិត្តគ្រប់គ្រាន់ដោយខ្លួនឯងឡើយ។ វាឆ្លុះបញ្ចាំងត្រឡប់ទៅរកអ្វីដែលយើងបាននិយាយពីខាងដើម អំពីការទទួលស្គាល់ភាពទន់ខ្សោយ និងភាពទាល់ច្រករបស់យើង។
ផែនការសម្រាប់ទប់ទល់នឹងសេចក្តីល្បួង៖
ជារឿយៗ នៅពេលខ្ញុំជជែកជាមួយនរណាម្នាក់អំពីការតស៊ូរបស់ពួកគេ ខ្ញុំឃើញថាផែនការរបស់ពួកគេក្នុងការដោះស្រាយជាមួយសេចក្តីល្បួង គឺគ្រាន់តែ «សង្ឃឹមថាខ្លួនឯងនឹងមិនត្រូវបានល្បួង»។ នេះមិនមែនជាផែនការឡើយ។ ផែនការមានន័យថា អ្នកកំពុងរកផ្លូវវាង ឬផ្លូវរត់គេចជាមុន មុនពេលដែលសេចក្តីល្បួងមកព័ទ្ធអន្ទាក់អ្នកជាប់។
- ស្វែងរក
និងកំណត់ចំណាំពេលវេលា និងស្ថានភាពដែលពិបាកបំផុតសម្រាប់អ្នក
(តើជាពេលចូលគេងមែនទេ? ឬជាថ្ងៃចុងសប្តាហ៍?)។
- ស្វែងរកដៃគូ
ឬសម្ព័ន្ធមិត្តដែលទុកចិត្ត ដើម្បីជួយតាមដាន និងដាស់តឿនជីវិតរបស់អ្នក។
- កាត់ផ្តាច់
ឬលុបបំបាត់រាល់ឱកាសទាំងឡាយណាដែលនាំទៅរកសេចក្តីល្បួង។
ធ្វើកិច្ចការទាំងឡាយណាដើម្បីឱ្យការចូលទៅមើលរូបភាពអាសអាភាសនោះមានភាពលំបាកស្មុគស្មាញបំផុត។
រៀបចំផែនការជំនួសដោយចំណូលចិត្ត និងទម្លាប់ល្អៗ៖
ប្រសិនបើអ្នកគ្រាន់តែបំភាយរូបភាពអាសអាភាសចេញពីជីវិត ដោយមិនបានជំនួសមកវិញនូវអ្វីសោះ នោះអ្នកកំពុងបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំមួយ ដែលច្បាស់ជានឹងទាញអ្នកឱ្យធ្លាក់ទៅក្នុងរណ្តៅដដែលវិញមិនខាន។ អ្នកត្រូវបំពេញចន្លោះទំនេរនោះដោយរឿងល្អៗ៖- រៀនសូត្រអ្វីដែលថ្មី។
- ចូលរួមក្នុងក្រុមតូច
ឬក្លិបណាមួយ។
- ស្ម័គ្រចិត្តចូលរួមក្នុងគម្រោងការងារបម្រើផ្សេងៗ។
ចូរកែប្រែគំនិតចិត្តឡើងថ្មី
«កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង» (រ៉ូម ១២:២) រឿងនេះមិនមែនកើតឡើងក្នុងរយៈពេលមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែនោះឡើយ។ ប៉ុន្តែតាមរយៈពេលវេលា នៅពេលដែលអ្នកប្រមូលផ្តុំថ្ងៃដែលរស់នៅដោយគ្មានរូបភាពអាសអាភាសបានកាន់តែច្រើនឡើងៗ ហើយជំនួសមកវិញដោយថ្ងៃដែលអ្នកអានព្រះគម្ពីរ អធិស្ឋាន ចំណាយពេលជាមួយគ្រីស្ទបរិស័ទដទៃ និងថ្វាយបង្គំប្រណិប័តន៍ព្រះជាម្ចាស់ នោះអ្នកនឹងឃើញថាខ្លួនឯងកំពុងត្រូវបានផ្លាស់ប្រែជាថ្មី។
ការប្រឹក្សាយោបល់អាចជួយអ្នកបាន
អ្នកប្រឹក្សាយោបល់ ឬអ្នកឯកទេសខាងចិត្តសាស្ត្រដ៏ល្អម្នាក់ អាចជួយអ្នកឱ្យមើលឃើញពីរបៀបដែលដំណឹងល្អ (Gospel) ចាំងពន្លឺចូលទៅក្នុងជ្រុងដ៏ខ្មៅងងឹតបំផុតនៃចិត្តរបស់អ្នក ដើម្បីនាំមកនូវការព្យាបាល និងព្រះគុណ។ ពួកគេអាចជួយអ្នកកាយមើលរបួសពីអតីតកាល និងជំនឿខុសឆ្គងទាំងឡាយដែលរារាំងអ្នក ធ្វើឱ្យអ្នកជាប់គាំងនៅក្នុងអំពើបាបនៃការមើលរូបភាពអាសអាភាស។ ទោះបីជាការប្រឹក្សាយោបល់មិនអាច «ដោះស្រាយ» បញ្ហារូបភាពអាសអាភាសដោយខ្លួនឯងទាំងស្រុងក៏ដោយ ប៉ុន្តែវាអាចជួយអ្នកយ៉ាងខ្លាំងក្នុងដំណើរការ «កែប្រែគំនិតចិត្តឡើងថ្មី» នេះឯង។គីត រ៉ូស (Keith Rose) ទទួលបានសញ្ញាបត្រអនុបណ្ឌិតខាងទេវវិទ្យា
(Master of Divinity) និងបរិញ្ញាបត្រខាងតន្ត្រីវិសុទ្ធ (Sacred
Music)។ លោក គីត បានបម្រើការងារនៅក្នុងក្រុមថែទាំសមាជិក (Member
Care Team) នៃស្ថាប័ន Covenant Eyes អស់រយៈពេល
១៥ ឆ្នាំ។ ក្រៅពីនេះ លោកក៏ធ្លាប់បានបម្រើការជាគ្រូបង្រៀនព្រះគម្ពីរ
ជំនួយការគ្រូគង្វាល ដឹកនាំផ្នែកតន្ត្រី និងជាចាស់ទុំ (Elder) នៅក្នុងក្រុមជំនុំមូលដ្ឋានរបស់លោកផងដែរ។ បច្ចុប្បន៍ លោកគឺជាអ្នករៀបរៀង (Editor)
នៃគេហទំព័រ Blog របស់ស្ថាប័ន Covenant
Eyes ហើយក៏ជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា៖ «Allied: Fighting Porn With
Accountability, Faith, and Friends» (សម្ព័ន្ធមិត្ត៖ ការប្រយុទ្ធប្រឆាំងនឹងរូបភាពអាសអាភាស ដោយសេចក្តីជំនឿ
ភាពទទួលខុសត្រូវ និងមិត្តភក្តិ)។ លោកកំពុងរស់នៅលើតំបន់ភ្នំក្នុងរដ្ឋ North
Carolina ជាមួយភរិយារបស់លោកឈ្មោះ រូប៊ី (Ruby) និងកូនៗរបស់ពួកគេ។ លោកអ្នកអាចទាក់ទងទៅកាន់លោក គីត
សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងអត្ថបទ Blog នេះបាន។
ប្រភព៖ https://www.covenanteyes.com/blog/how-to-quit-porn-as-a-christian/
ប្រែសម្រួជាភាសាខ្មែរដោយ CTM