ប្រហែលជា១៦០ឆ្នាំមុន មានបេសកជនម្នាក់នៅក្នុងប្រទេសចិន។ គាត់បានព្យាយាមប្រកាសដំណឹងល្អនៅក្នុងភូមិមួយជិត ព្រំប្រទល់ប្រទេសភូមា ប៉ុន្តែ ពួកគេបានបន្តបដិសេធដំណឹងល្អរបស់គាត់។ បុរសម្នាក់នេះ ឈ្មោះថា ជេម ហ្វេសសើ (James Fraser) បានចាប់ផ្តើមអធិស្ឋានស្វែងរកព្រះហឫទ័យរបស់ព្រះអំពីអ្វីគាត់ដែលត្រូវធ្វើ។ នៅពេលដែលគាត់កំពុង តែអធិស្ឋាន គាត់បានគិតឃើញអត្ថបទគម្ពីរ ២របារក្សត្រ ២០៖១៥-១៧។ គាត់បានបើកព្រះគម្ពីរបស់គាត់ ហើយចាប់ផ្តើម អាន៖
ដ្បិតការប្រយុទ្ធមិនមែនសំរេចលើអ្នករាល់គ្នាទេ តែសំរេចនៅលើព្រះជាម្ចាស់។ ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ .....អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ ប្រទានជ័យជំនះដល់អ្នករាល់គ្នា។ កុំភ័យខ្លាច និង តក់ស្លុតអោយសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះ អម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។
លោក ហ្វេសសើ បានបន្តអធិស្ឋានសម្រាប់រយៈពេលពីរបីម៉ោងទៀត ដោយតយុទ្ធប្រឆាំងនឹងពួកវិញ្ញាណអាក្រក់ តាមរយៈ ការអធិស្ឋាន។ ប្រហែលជាពាក់កណ្តាលយប់ គាត់មានអារម្មណ៍អំពីជ័យជំនះ។ ខាងក្រោមនេះ គឺជាអ្វីដែលគាត់បាន សរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់៖
ខ្ញុំជឿថា ព្រះជាម្ចាស់បានដឹកនាំខ្ញុំ ដើម្បីតយុទ្ធប្រឆាំងនឹងពួកវត្ថុស័ក្តិសិទ្ធិ និង អំណាចនានាដែលស្ថិតនៅក្នុងភូមិ នេះ។ ខ្ញុំមានជំនឿថា មនុស្សជាច្រើននឹងទទួលយកព្រះយេស៊ូជាព្រះអម្ចាស់របស់ពួកគេ។ ខ្ញុំជឿថា ទេវតារបស់ព្រះ បានមកប្រយុទ្ធនឹងពួកវិញ្ញាណអាក្រក់ទាំងនេះ ជាពិសេសប្រយុទ្ធជាមួយមនុស្សពីរ ឬបីនាក់ ដែលប្រឆាំងនឹងខ្ញុំ។
នៅព្រឹកបន្ទាប់ លោក ហ្វ្រេសសើ បានត្រលប់ទៅកាន់ភូមិ និង ប្រកាសដំណឹងល្អ ហើយមានគ្រួសារចំនួនដប់មួយគ្រួសារ ក្នុងចំណោមដប់បីគ្រួសារបានកែប្រែចិត្តគំនិត ហើយបានថ្វាយជីវិតរបស់ពួកគេដល់ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ត។ ថ្ងៃបន្ទាប់ ទៀត មានគ្រួសារដប់ពីរទៀតបានមកជួបគាត់ និង បាននិយាយថា ពួកគេចង់កែប្រែចិត្តគំនិត និង ទទួលព្រះយេស៊ូជាព្រះ សង្គ្រោះរបស់ពួកគេ។
នៅយប់បន្ទាប់ គាត់បានអធិស្ឋានសម្រាប់ភូមិមួយទៀតតាមរបៀបដូចគ្នា ហើយគាត់មានជំនឿយ៉ាងមុតមាំ។ ប៉ុន្តែ នៅ ពេលដែលគាត់ចេញទៅប្រកាសដំណឹងល្អនៅថ្ងៃបន្ទាប់ ពួកគេបានបដិសេធគាត់។ គាត់បានស្វែងយល់ឃើញថា គាត់ត្រូវ តែឮព្រះសូរសៀងពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដើម្បីបង្ហាញគាត់យ៉ាងច្បាស់អំពីរបៀបដែលគាត់គួរតែអធិស្ឋានសម្រាប់ ស្ថានភាពនីមួយៗ។
នៅពេលដែលយើងអធិស្ឋាន ព្រះជាម្ចាស់ចង់ឲ្យយើងឮព្រះសូរសៀងរបស់ទ្រង់។ ទ្រង់ចង់ដឹកនាំពាក្យអធិស្ឋានរបស់ យើង។ ព្រះគម្ពីរចែងថា ពេលខ្លះ យើងអធិស្ឋាន ស្របតាមការយល់ដឹងរបស់យើង ហើយពេលខ្លះទៀត យើងអធិស្ឋាន ស្របតាមវិញ្ញាណរបស់យើង។ ១កូរិនថូស ១៤៖១៥
ការអធិស្ឋាន ដោយចេញពីគំនិតរបស់យើង
ភាគច្រើន យើងអធិស្ឋានចេញពីគំនិតរបស់យើង។ យើងអធិស្ឋានស្របតាមអ្វីដែលយើងដឹងអំពីស្ថានភាពមួយ ឬបញ្ហា មួយ។ ប្រសិនបើខ្ញុំសុំឲ្យអ្នកអធិស្ឋានសម្រាប់ខ្ញុំ ដោយសារតែខ្ញុំឈឺ នោះអ្នកគ្រាន់តែអធិស្ឋាន និង ទូលសូមព្រះជាម្ចាស់ ដើម្បីព្យាបាលខ្ញុំតែប៉ុណ្ណោះ។ ប្រសិនបើខ្ញុំប្រាប់អ្នកថា ឪពុករបស់ខ្ញុំមិនទាន់បានថ្វាយជីវិតរបស់គាត់ដល់ព្រះយេស៊ូនៅ ឡើយទេ សូមអធិស្ឋានសម្រាប់គាត់ នោះអ្នកនឹងអធិស្ឋានស្របតាមអ្វីដែលអ្នកយល់អំពីស្ថានភាពនោះជាមិនខាន។ ព្រះ ជាម្ចាស់រំពឹងថា យើងនឹងអធិស្ឋានស្របតាមការយល់ដឹងរបស់យើង។ ប៉ុន្តែ ពេលខ្លះ យើងមិនដឹងជាក់ច្បាស់អំពីរបៀប ដែលត្រូវអធិស្ឋានសម្រាប់ស្ថានភាពមួយឡើយ។ ឬពេលខ្លះទៀត ព្រះជាម្ចាស់ចង់ប្រទានព័ត៌មានខ្លះដល់យើងអំពីមនុស្ស ម្នាក់ ឬស្ថានភាពមួយ ដូច្នេះ យើងអាចអធិស្ឋានបានជាក់លាក់ ស្របតាមព្រះហឫទ័យរបស់ទ្រង់សម្រាប់ស្ថានភាពនោះ។ លោក ហ្វេសសើ ដែលយើងទើបតែបានអាន គឺជាគំរូដែលយើងគួរតែយកតម្រាប់តាម។ ព្រះជាម្ចាស់បានប្រាប់គាត់យ៉ាង ច្បាស់អំពីរបៀបដែលត្រូវអធិស្ឋាន ហើយគាត់បានទទួលលទ្ធផលដ៏ល្អ។ រ៉ូម ៨៖២៦។ ពេលខ្លះ យើងមិនដឹងពីរបៀបត្រូវ អធិស្ឋានឡើយ ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធទួលអង្វរសម្រាប់យើង តាមរយៈរបៀបផ្សេងៗ ដែលគំនិតរបស់យើងមិនអាច យល់សោះឡើយ។
ការអធិស្ឋាន ដោយព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះជាម្ចាស់មានបន្ទូលថា យើងអាចអធិស្ឋានដោយព្រះវិញ្ញាណដ៏វិសុទ្ធបាន។ ១កូរិនថូស ១៤៖១៥ អេភេសូ ៦៖១៨ យូដាស ១៖២០។ ខគម្ពីរទាំងនេះប្រាប់យើងឲ្យអធិស្ឋាន ដោយវិញ្ញាណរបស់យើង ឬដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ តើការ អធិស្ឋានដោយព្រះវិញ្ញាណដ៏វិសុទ្ធមានអត្ថន័យដូចម្តេច? វាមានន័យថា ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ប្រទានគំនិត ដល់យើងអំពីអ្វីដែលត្រូវអធិស្ឋាន។ វាមានន័យថា ព្រះជាម្ចាស់មានបន្ទូលមកកាន់វិញ្ញាណរបស់យើង ហើយយើងអធិស្ឋាន ចំៗ ស្របតាមព្រះហឫទ័យរបស់ទ្រង់សម្រាប់ស្ថានភាពនោះ។ យើងអាចអធិស្ឋានស្របតាមព្រះវិញ្ញាណរបស់ព្រះ និង អនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ទ្រង់ដឹកនាំយើងនៅក្នុងសេចក្តីអធិស្ឋាន តាមរយៈវិធីសាស្ត្រពីរយ៉ាង៖ (១) ខណៈពេលដែល យើងកំពុងតែអធិស្ឋាន ព្រះវិញ្ញាណរបស់ព្រះនឹងដាក់ពាក្យពេចន៍នៅក្នុងគំនិតរបស់យើងជាភាសារបស់យើង។ (២) យើង និយាយជាភាសាចម្លែកដ៏អស្ចារ្យ។
១ . ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងជាភាសារបស់យើង។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ មានពេលជាច្រើនដង នៅពេលដែលខ្ញុំកំពុងតែអធិស្ឋានអំពីស្ថានភាពមួយ ឬបញ្ហាមួយ។ ពេលដែលខ្ញុំកំពុងតែអធិស្ឋាន ខ្ញុំ ទទួលនូវគំនិត ដើម្បីអធិស្ឋានតាមរបៀបមួយជាក់លាក់។ ប្រហែល ខ្ញុំកំពុងតែអធិស្ឋានសម្រាប់បុរសម្នាក់ ដែលមិន ទាន់បានទទួលជឿលើព្រះយេស៊ូ ហើយខ្ញុំកំពុងតែអធិស្ឋានស្របតាមការយល់ដឹងរបស់ខ្ញុំអំពីស្ថានភាពនោះ។ ស្រាប់តែភ្លាមៗនោះ ខ្ញុំទទួលបានគំនិតមួយថា បុរសម្នាក់នេះកំពុងតែស្ថិតនៅក្រោមអំណាចនៃអារក្សសាតាំង ដោយសារតែអំពើបាបមួយនៅក្នុងជីវិតរបស់គាត់។ ខ្ញុំបានទទួលគំនិតមួយថា បុរសម្នាក់នេះត្រូវតែមានសេរីភាពពី អំពើបាបនេះជាមុនសិន មុននឹងគាត់កែប្រែចិត្តគំនិត។ តើគំនិតនេះចេញមកពីណា? គ្រប់គំនិតទាំងអស់ចេញមក ពីប្រភពមួយក្នុងចំណោមប្រភពទាំងបីនេះ៖ ខ្លួនយើង សាតាំង ឬព្រះជាម្ចាស់។ តើគំនិតនេះចេញមកពីខ្លួនខ្ញុំឬ? ប្រហែលជាខ្ញុំមិនដឹងជាក់ច្បាស់ឡើយ។ តើគំនិតនេះចេញមកពីអារក្សសាតាំងឬ? ប្រហែលមិនមែនមកពីអារក្ស ឡើយ ដ្បិតសាតាំងមិនផ្តល់គំនិតដល់យើងឲ្យអធិស្ឋានសម្រាប់មនុស្សឡើយ។ តើគំនិតនេះមកពីព្រះជាម្ចាស់ឬ? ប្រហែលជាខ្ញុំមិនដឹងច្បាស់ដែរ។ ប៉ុន្តែ ខ្ញុំទុកចិត្ត ហើយចាប់ផ្តើមអធិស្ឋានសម្រាប់បុរសម្នាក់នោះ និង អធិស្ឋានអំពី អំពើបាបរបស់គាត់។ ព្រះជាម្ចាស់បង្ហាញខ្ញុំថា គាត់បានប្រព្រឹត្តអំពើបាបរយៈពេលយូរហើយ ហើយមានវិញ្ញាណជា ច្រើន ដែលគ្រប់គ្រងលើគំនិតរបស់គាត់។ ខ្ញុំចាប់ផ្តើមអធិស្ឋានប្រឆាំងនឹងវិញ្ញាណទាំងនោះ និង ទូលសូមព្រះជា ម្ចាស់រំដោះគាត់ឲ្យមានសេរីភាពពីវិញ្ញាណទាំងនោះ។ ខ្ញុំជឿថា ព្រះជាម្ចាស់បានមានព្រះបន្ទូលមកកាន់ខ្ញុំ ហើយខ្ញុំ បានអធិស្ឋាន ស្របតាមព្រះហឫទ័យរបស់ទ្រង់សម្រាប់ស្ថានភាពនោះ។ នេះគឺជាវិធីសាស្ត្រមួយ ដែលព្រះជាម្ចាស់ មានព្រះបន្ទូលមកកាន់យើង ហើយយើងអធិស្ឋាន ស្របតាមព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់។
២. យើងនិយាយភាសាចម្លែកដ៏អស្ចារ្យ។ នៅក្នុងសៀវភៅ១កូរិនថូស ជំពូកទី១៤ យើងឃើញថា ព្រះជាម្ចាស់ប្រទាន អំណោយទានដ៏ពិសេសមួយដល់គ្រិស្តបរិស័ទគ្រប់គ្នា។ ទ្រង់ប្រទានឲ្យយើងមានសមត្ថភាព ដើម្បីនិយាយទៅកាន់ ទ្រង់ជាភាសាមួយ ដែលយើងមិនបានសិក្សា។ ភាសានេះ ត្រូវបានគេហៅថាជា “ភាសាចម្លែក”។ យើងនិយាយថា យើង “និយាយភាសាចម្លែក”។ យើងមិនបានទៅរៀនភាសានេះឡើយ ប៉ុន្តែ វាគឺជាអំណោយមួយមកពីព្រះ ដើម្បី ជួយយើងប្រាស្រ័យទាក់ទងជាមួយទ្រង់ និង អធិស្ឋានស្របតាមព្រះវិញ្ញាណរបស់ទ្រង់។ នៅពេលដែលយើង និយាយភាសាចម្លែក យើងនិយាយ និង អធិស្ឋាន ស្របតាមព្រះវិញ្ញាណរបស់ព្រះ និង ស្របតាមព្រះហឫទ័យ របស់ទ្រង់។ ឥឡូវ សូមមើលអំពីអ្វីដែលព្រះគម្ពីរចែងទាក់ទងនឹងប្រធានបទនេះនៅក្នុងសៀវភៅ១កូរិនថូស ១៤៖
ក. នៅពេលដែលយើងនិយាយភាសាចម្លែក យើងមិននិយាយទៅកាន់មនុស្សឡើយ ប៉ុន្តែ យើងនិយាយទៅកាន់ ព្រះជាម្ចាស់។ (ខទី២) ការនិយាយភាសាចម្លែក មិនមែនជាវិធីសាស្ត្រសម្រាប់ខ្ញុំ ដើម្បីប្រាស្រ័យទាក់ទង ជាមួយអ្នកឡើយ ប៉ុន្តែ វាគឺជាវិធីសាស្ត្រមួយសម្រាប់ខ្ញុំ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់។
ខ. នៅពេលដែលខ្ញុំនិយាយភាសាចម្លែក មនុស្សនឹងមិនយល់អ្វីដែលខ្ញុំនិយាយឡើយ ដោយសារតែខ្ញុំកំពុងតែ និយាយ តាមការដឹកនាំពីវិញ្ញាណរបស់ខ្ញុំ។ (ខទី២) ប្រសិនបើអ្នកស្តាប់ខ្ញុំនិយាយភាសាចម្លែក នោះអ្នកនឹង មិនយល់អ្វីដែលខ្ញុំនិយាយ សូម្បីតែមួយម៉ាត់។ ហេតុអ្វី? ពីព្រោះនេះគឺជាភាសា ដែលព្រះជាម្ចាស់យល់ មិន មែនអ្នកឡើយ។ ដោយសារតែខ្ញុំមិនមែនកំពុងតែនិយាយទៅកាន់អ្នកឡើយ ខ្ញុំកំពុងតែនិយាយទៅកាន់ព្រះ ជាម្ចាស់។
គ. នៅពេលដែលខ្ញុំនិយាយភាសាចម្លែក ខ្ញុំកសាងខ្លួនឯង។ (ខែទី៤) នៅពេលដែលខ្ញុំនិយាយភាសាចម្លែក ទោះបីជាខ្ញុំនិយាយទៅកាន់ព្រះក៏ដោយ ប៉ុន្តែ ខ្ញុំកំពុងតែកសាងខ្លួនឯង។ ការនិយាយភាសាចម្លែក គឺជា ភាសាខាងវិញ្ញាណ។ ខ្ញុំមិនកសាងគំនិតរបស់ខ្ញុំឡើយ ប៉ុន្តែ ខ្ញុំកសាងវិញ្ញាណរបស់ខ្ញុំ។ វិញ្ញាណរបស់ខ្ញុំ ទទួលកម្លាំងពីព្រះជាម្ចាស់។ ខ្ញុំកាន់តែរឹងមាំនៅក្នុងវិញ្ញាណរបស់ខ្ញុំ។
ឃ. នៅពេលដែលខ្ញុំនិយាយភាសាចម្លែក ខ្ញុំគួរតែអធិស្ឋាន ដើម្បីឲ្យខ្ញុំអាចយល់អំពីអត្ថន័យដែលខ្ញុំនិយាយ។ (ខទី១៤) ការនិយាយភាសាចម្លែក គឺជាភាសាខាងវិញ្ញាណ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់។ វាជាការអស្ចារ្យដែលព្រះប្រទានឲ្យយើងនូវភាសាដ៏ពិសេសមួយ ដើម្បីនិយាយយ៉ាងច្បាស់ទៅកាន់ទ្រង់។ សូមចាំថា៖ វិញ្ញាណរបស់យើងដឹងអំពីអ្វីមួយ ដែលគំនិតរបស់យើងមិនដឹង។ ១កូរិនថូស ២៖១១។ យើង មានចំណេះដឹងនៅក្នុងវិញ្ញាណរបស់យើង ដែលយើងមិនមាននៅក្នុងគំនិតរបស់យើង។
ង. ពេលខ្លះ ខ្ញុំនឹងអធិស្ឋានចេញពីវិញ្ញាណរបស់ខ្ញុំ ហើយពេលខ្លះទៀត ខ្ញុំនឹងអធិស្ឋានចេញពីគំនិតរបស់ខ្ញុំ។ (ខទី១៥) ខគម្ពីរនេះប្រាប់ខ្ញុំថា ខ្ញុំអាចអធិស្ឋានចេញពីវិញ្ញាណរបស់ខ្ញុំ (មានន័យថា អធិស្ឋានជាភាសា ចម្លែក) ហើយខ្ញុំក៏អាចច្រៀងចេញពីវិញ្ញាណរបស់ខ្ញុំផងដែរ (មានន័យថា ខ្ញុំអាចច្រៀងជាភាសាចម្លែក)។ ខ្ញុំអាចជ្រើសរើសថា ខ្ញុំនឹងអធិស្ឋានចេញពីវិញ្ញាណរបស់ខ្ញុំ (ជាភាសាចម្លែក) ឬក៏ខ្ញុំនឹងអធិស្ឋានចេញពី គំនិតរបស់ខ្ញុំ។ ខ្ញុំអាចចាប់ផ្តើមអធិស្ឋានជាភាសាចម្លែក និង ឈប់គ្រប់ពេលដែលខ្ញុំចង់។ ខ្ញុំអាចអធិស្ឋាន ជាភាសាចម្លែកពីរបីនាទី បន្ទាប់មក អធិស្ឋានចេញពីគំនិតរបស់ខ្ញុំ ប្រសិនបើខ្ញុំចង់។
ព្រះជាម្ចាស់បានពន្យល់យ៉ាងច្បាស់ថា នៅក្នុងការប្រជុំក្រុមជំនុំ ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចម្លែក នោះមនុស្សគ្រប់គ្នា ដែលកំពុងតែស្តាប់ នឹងមិនយល់អ្វីដែលខ្ញុំនិយាយឡើយ។ ជាមួយគ្នាផងដែរ ប្រសិនបើខ្ញុំចង់ប្រាស្រ័យទាក់ទងអ្វីមួយពីព្រះ ជាម្ចាស់ទៅកាន់ក្រុមជំនុំ ហើយខ្ញុំនិយាយជាភាសាចម្លែកទៅកាន់ពួកគេ នោះពួកគេនឹងមិនយល់ឡើយ។ នៅពេលដែលខ្ញុំ ចង់ប្រាស្រ័យទាក់ទងជាមួយក្រុមជំនុំ ខ្ញុំត្រូវតែនិយាយភាសាដែលក្រុមជំនុំអាចយល់។ ប៉ុន្តែ នៅពេលដែលក្រុមជំនុំទាំង អស់កំពុងតែលើកសម្លេងអធិស្ឋានជាមួយគ្នា យើងអាចអធិស្ឋានជាភាសារបស់យើង ឬក៏និយាយជាភាសាចម្លែក។
នៅពេលដែលយើងនិយាយជាភាសាចម្លែក ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ប្រាស្រ័យទាក់ទងជាមួយវិញ្ញាណរបស់ យើង ហើយយើងអធិស្ឋានស្របតាមព្រះហឫទ័យរបស់ព្រះសម្រាប់ស្ថានភាពនោះ។ ពេលខ្លះ បន្ទាប់ពីខ្ញុំអធិស្ឋានជាភាសា ចម្លែក ឬច្រៀងជាភាសាចម្លែក ខ្ញុំអាចទូលសូមព្រះជាម្ចាស់ឲ្យបើកសំដែងដល់ខ្ញុំអំពីអ្វីដែលខ្ញុំកំពុងតែអធិស្ឋាន ដូច្នេះ ខ្ញុំ អាចអធិស្ឋានដោយចេញពីការយល់ដឹងរបស់ខ្ញុំផងដែរ។
យើងគួរតែអធិស្ឋាន ស្របតាមគំនិត និង ការយល់ដឹងរបស់យើង ប៉ុន្តែ ពេលខ្លះ ព្រះជាម្ចាស់ចង់ឲ្យយើងអធិស្ឋានចំៗអំពី ស្ថានភាពនោះ។ ពេលខ្លះ ទ្រង់ចង់ប្រទានឲ្យយើងនូវព័ត៌មានអំពីមនុស្សម្នាក់ ឬស្ថានភាពមួយ ដូច្នេះ យើងអាចអធិស្ឋាន ចំៗ ហើយទ្រង់នឹងស្រាយព្រះចេស្ដារបស់ទ្រង់ចូលក្នុងជីវិតរបស់បុគ្គលម្នាក់នោះ ឬស្ថានភាពនោះ។
ការអធិស្ឋានចេញពីវិញ្ញាណ
ចំណុចខាងក្រោមនេះអាចជួយឲ្យយើងអាចអធិស្ឋានចេញពីវិញ្ញាណរបស់យើង៖
១. ចំណាយពេលជាមួយព្រះ។ ប្រសិនបើយើងចង់ឮពីព្រះជាម្ចាស់ យើងត្រូវតែចំណាយពេលជាមួយទ្រង់។ យើងត្រូវ តែចំណាយពេលច្រើនជាមួយទ្រង់ ដើម្បីអធិស្ឋាន ស្របតាមគំនិតរបស់យើង និង វិញ្ញាណរបស់យើង។ ពេលខ្លះ នៅពេលដែលយើងអធិស្ឋាន (នៅពេលដែលខ្ញុំអធិស្ឋាន) ខ្ញុំមានភាពប្រញាប់ប្រញាល់ និង ចាប់បញ្ចប់ការ អធិស្ឋានរបស់ខ្ញុំ។ នេះគឺជាទង្វើដែលមិនគោរពដល់ព្រះជាម្ចាស់ និង មិនអនុញ្ញាតឲ្យទ្រង់មានព្រះបន្ទូលមកកាន់ខ្ញុំ ឡើយ។
២. រំពឹងថា ព្រះជាម្ចាស់នឹងមានបន្ទូលមកកាន់អ្នក។ យើងដឹងថា ព្រះជាម្ចាស់ចង់មានបន្ទូលមកកាន់យើង ដូច្នេះ យើង គួរតែរំពឹងថា ទ្រង់នឹងមានបន្ទូលមកកាន់យើង។ យើងគួរតែរង់ចាំ ដើម្បីឮព្រះសូរសៀងរបស់ទ្រង់ និង ទទួលគំនិត ពីទ្រង់។
៣. រង់ចាំព្រះជាម្ចាស់។ នេះមានន័យថា ខណៈពេលដែលយើងកំពុងតែអធិស្ឋាន ឬអានព្រះគម្ពីរ យើងឈប់និយាយ ហើយនៅស្ងាត់ស្ងៀម។ វាមានន័យថា យើងនៅស្ងាត់ស្ងៀម និង អនុញ្ញាតឲ្យគំនិតរបស់យើងសញ្ជឹងគិតលើព្រះជា ម្ចាស់ និង លើស្ថានភាពនោះ។ ឬយើងនិយាយជាភាសាចម្លែកស្ងាត់ៗ។ យើងគ្រាន់តែរង់ចាំឲ្យព្រះជាម្ចាស់មានព្រះ បន្ទូលមកកាន់យើង។
៤. អធិស្ឋាន ស្របតាមគំនិត ដែលយើងបានទទួល។ ពេលខ្លះ យើងមិនដឹងថា គំនិតដែលចូលក្នុងខួរក្បាលរបស់យើង មានប្រភពមកពីខ្លួនយើង ឬក៏ព្រះជាម្ចាស់ឡើយ ប៉ុន្តែ យើងគួរតែអធិស្ឋាន ស្របតាមគំនិតនោះ និង ទុកចិត្តថា គំនិតនេះគឺជាសម្លេងរបស់ព្រះជាម្ចាស់។ ដូច្នេះ យើងទទួលគំនិតមួយ ហើយបន្ទាប់មក យើងអធិស្ឋានស្របតាម គំនិតនោះ។
ព្រះជាម្ចាស់ចង់ដឹកនាំការអធិស្ឋានរបស់យើង។ ទ្រង់ចង់បង្ហាញដល់យើងចំៗអំពីរបៀបអធិស្ឋានសម្រាប់មនុស្ស និង ស្ថាន ភាពខ្លះ។ យើងអាចអធិស្ឋានស្របតាមការយល់ដឹងរបស់យើង ឬក៏ស្របតាមវិញ្ញាណរបស់យើង។ យើងអាចអធិស្ឋាន ស្របតាមគំនិតដែលយើងទទួលពីព្រះជាម្ចាស់ជាភាសារបស់យើង ឬយើងអាចអធិស្ឋានជាភាសាចម្លែក។
