«ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ
ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកិយនេះហើយ»
(១យ៉ូហាន ៤:១)។
សេចក្ដីណែនាំ
អារក្សសាតាំងមិនដែលដេកទេ។ សូម្បីយើងកំពុងដេកពេលយប់ តែវាកំពុងធ្វើផែនការភូតកុហកថ្មី ដើម្បីព្យាយាមបំផ្លាញក្រុមជំនុំនៅទីនេះ។
អរគុណព្រះអង្គ
ពេលយើងសិក្សាពីការកុហកថ្មីរបស់សាតាំង យើងឃើញថា ការកុហកទាំងនោះតាមពិតជាការកុហកចាស់ដដែលដែលក្រុមជំនុំសម័យដើមធ្លាប់បានតតាំងរួចមកហើយ។
យើងមានបទពិសោធតតាំងនឹងការកុហកចាស់ទាំងនេះរួចហើយ។
ម្ភៃឆ្នាំមុនយើងធ្លាប់បានតតាំងនឹងការកុហកដែលថា បទគម្ពីរមិនមែនជាព្រះបន្ទូលដ៏រស់របស់ព្រះទេ គឺគ្រាន់តែជាទឹកខ្មៅ ហើយនិងក្រដាសប៉ុណ្ណោះ។ ការប្រឆាំងនឹងព្រះគម្ពីរនេះ គឺជាការកុហកចាស់តាំងពីសម័យដើមមកហើយ។
ដប់ប្រាំមួយឆ្នាំមុន យើងធ្វើធ្លាប់បានតតាំងនឹងការកុហកចាស់មួយទៀតដែលនិយាយថា ព្រះត្រៃឯកមិនពិតទេ។ គ្រូខុសឆ្គងម្នាក់បានមកទីនេះហើយនិយាយថា ពេលខ្លះព្រះជាព្រះវរបិតា ពេលខ្លះព្រះជាព្រះរាជបុត្រា ហើយពេលខ្លះព្រះជាព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែមិនដែលមានទាំងបីអង្គនៅក្នុងពេលតែមួយនោះទេ។ ការកុហកដែលប្រឆាំងទាស់នឹងគោលលទ្ធិនៃព្រះត្រៃឯកនេះ មានអាយុជិត២០០០ឆ្នាំមកហើយ។
បន្ទាប់មកប្រាំបីឆ្នាំមុនយើងបានតតាំងម្ដងទៀតទាស់នឹងការកុហកដែលថា ព្រះគម្ពីរគឺជាសៀវភៅស្លាប់ ហើយមិនមែនជាព្រះបន្ទូលដ៏រស់របស់ព្រះនោះទេ។
ឥឡូវមានការបង្រៀនខុសឆ្គងថ្មីនៅស្រុកខ្មែរ ប៉ុន្តែការបង្រៀនខុសឆ្គងនេះ គឺជាការបង្រៀនខុសឆ្គងចាស់ដដែល ដែលមានអាយុជិត២០០០ឆ្នាំមកហើយ! ដូច្នេះរាល់ពេលយើងជួបនឹងគ្រូមកថ្មី យើងគួរតែសួរអំពីអ្វីដែលពួកគេជឿ។ ប្រសិនបើយើងមិនធ្វើដូចនេះទេ យើងកំពុងតែធ្វេសប្រហែសក្នុងការឃ្វាលហ្វូងចៀមហើយ។
១. សំណួរអ្វីខ្លះដែលអ្នកគង្វាលល្អ គួរសួរដល់គ្រូបង្រៀនដែលទើបមកដល់ថ្មី?
ជាការសំខាន់បំផុត យើងត្រូវសួរពួកគេនូវសំណួរពីរប្រភេទ៖ គឺសំណួរអំពីព្រះ និង សំណួរអំពីដំណឹងល្អ។
ក. សំណួរអំពីព្រះ៖
ឧទាហរណ៍ៈ តើមានព្រះពិតតែមួយ ឬក៏មានព្រះជាច្រើន(ដូចការបង្រៀនរបស់ពួកម៉ម៉ូន Mormons)? តើព្រះជាម្ចាស់គង់នៅដដែលដោយមិនប្រែប្រួល ឬក៏ទ្រង់ប្រែប្រួល(ដូចព្រះរបស់ពួកម៉ម៉ូន Mormons)? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះអង្គមួយពិតប្រាកដ ឬគ្រាន់តែជាកម្លាំងមួយដែលប្រៀបដូចជាអគ្គិសនី(ដូចការបង្រៀនរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា Jehovah's Witness)? តើគោលលទ្ធិអំពីព្រះត្រៃឯកជាការពិតទេ? តើព្រះរាជបុត្រាជាព្រះដែលគង់នៅអស់កល្បជានិច្ច ឬទ្រង់ត្រូវបានព្រះជាម្ចាស់បង្កើតមក? (ក្រុមខុសឆ្គងជាច្រើនបង្រៀនថា ព្រះជាម្ចាស់បានបង្កើតព្រះរាជបុត្រាមក)។ តើព្រះយេស៊ូវនឹងយាងមកវិញតែម្ដងនៅថ្ងៃចុងក្រោយ ដើម្បីសោយរាជ្យអស់កល្បជានិច្ចឬទេ?
ខ. សំណួរអំពីដំណឹងល្អ៖
ឧទាហរណ៍៖
តើយើងត្រូវធ្វើអ្វីដើម្បីឲ្យបានសុចរិតនៅចំពោះព្រះ៖ គ្រាន់តែជឿលើព្រះយេស៊ូវឬ?
ឬក៏ត្រូវធ្វើតាមក្រឹត្យវិន័យខ្លះផង? (ក្រុមខុសឆ្គងស្ទើរតែទាំងអស់បង្រៀនថា
យើងត្រូវធ្វើតាមក្រឹត្យវិន័យផងដើម្បីបានសង្គ្រោះ)។ យើងអាចសួរគ្រូបង្រៀនថ្មីនូវសំណួរនេះ៖
ប្រសិនបើអ្នកស្លាប់ថ្ងៃនេះ ហើយបានជួបនឹងព្រះ ហើយព្រះមានបន្ទូលសួរអ្នកថា
«ហេតុអ្វីត្រូវឲ្យខ្ញុំអនុញ្ញាតឲ្យអ្នកចូលស្ថានសួគ៌?» តើអ្នកនឹងឆ្លើយទៅព្រះយ៉ាងដូចម្ដេច?
យើងក៏អាចសួរពួកគេទៀតថា តើព្រះយេស៊ូវបានសងថ្លៃអំពើបាបរបស់យើងទាំងអស់នៅលើឈើឆ្កាងឬទេ?
(មានស្រីម្នាក់ពីអាម៉េរិកធ្លាប់បង្រៀនថា ព្រះយេស៊ូវមិនបានសងថ្លៃអំពើបាបរបស់យើងទាំងអស់នៅលើឈើឆ្កាងនោះទេ
គឺត្រូវសងខ្លះទៀតនៅស្ថាននរក)។ យើងអាចសួរពួកគេថា តើរូបកាយរបស់ព្រះយេស៊ូវពិតជារស់ពីសុគតឡើងវិញទេ?
២. ពួកគ្រូខុសឆ្គងថ្មីនៅស្រុកខ្មែរ
ថ្មីៗនេះនៅពេលពួកអ្នកដឹកនាំនៃក្រុមជំនុំយើងបានស៊ើបអង្កេតសាសនាថ្មីមកពីកូរ៉េ នោះយើងបានឃើញថា យ៉ាងតិចមានគោលលទ្ធិខុសឆ្គងបីយ៉ាង។ ១. ព្រះយេស៊ូវបានយាងត្រឡប់មកវិញហើយ (ហើយគាត់គឺជាជនជាតិកូរ៉េឈ្មោះ Ahn-Sahng-Hong (អាន សាង ហុង) ដែលបានកើតនៅឆ្នាំ ១៩១៨ ហើយស្លាប់នៅឆ្នាំ ១៩៨៥)។ ២. ដើម្បីបានសង្គ្រោះអ្នកត្រូវតែជឿលើ «ព្រះគ្រីស្ទ Ahn-Sahng-Hong(អាន សាង ហុង) »នេះផង ហើយធ្វើតាមក្រឹត្យវិន័យមួយចំនួននៃគម្ពីរសញ្ញាចាស់ផង។ ៣. អ្នកត្រូវតែថ្វាយបង្គំនៅថ្ងៃសៅរ៍ បើមិនដូច្នេះទេត្រូវបណ្ដាសាពីព្រះជាម្ចាស់ហើយ។
សេចក្ដីបង្រៀនខុសឆ្គងធ្ងន់ធ្ងរបំផុតដែលយើងត្រូវប្រឈមមុខតតាំង គឺសេចក្ដីបង្រៀនខុសឆ្គងដែលទាក់ទងទៅនឹង ព្រះគឺជាអ្នកណា និង ដំណឹងល្អគឺជាអ្វី (ការខុសឆ្គង១ និង ២ខាងលើ)។
ឥឡូវយើងនឹងមើលទៅសេចក្ដីបង្រៀនខុសឆ្គងទាំងនេះ ដោយចាប់ផ្ដើមនឹងការខុសឆ្គងមួយដែលគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ។
ក. សេចក្ដីបង្រៀនខុសឆ្គងទីមួយ៖ ព្រះយេស៊ូវគ្រីស្ទបានយាងត្រឡប់មកវិញហើយ ហើយគាត់គឺជាជនជាតិកូរ៉េឈ្មោះ Ahn-Sahng-Hong (អាន សាង ហុង) ដែលកើតនៅឆ្នាំ ១៩១៨ ហើយស្លាប់នៅឆ្នាំ ១៩៨៥។
Ahn-Sahng-Hong
(អាន សាង ហុង) គឺជាគ្រូខុសឆ្គង និងជាព្រះគ្រីស្ទក្លែងក្លាយ។
ព្រះយេស៊ូវបានព្រមានយើងអំពីព្រះគ្រីស្ទក្លែងក្លាយ៖
«ទ្រង់មានបន្ទូលថា ចូរប្រយ័ត្នក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ» (លូកា ២១:៨)។
«គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន មើលខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» (ម៉ាថាយ ២៤:២៣-២៧)។
នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងយាងមកឲ្យឃើញជាសាធារណៈ ហើយមនុស្សគ្រប់គ្នានឹងឃើញទ្រង់ (វិវរណៈ ១:៧)។ សូម្បីសត្រូវរបស់ទ្រង់ក៏ត្រូវលុតជង្គង់ដែរនៅពេលទ្រង់យាងត្រឡប់មកវិញ។ នៅពេលនោះ ទ្រង់នឹងបំផ្លាញសត្រូវរបស់ទ្រង់ទាំងអស់ បន្ទាប់មកទ្រង់សោយរាជ្យអស់កល្បជានិច្ចតរៀងទៅ (ភីលីព ២:១០-១១, វិវរណៈ ១៩:១១-២១)។ រីឯ Ahn-Sahng-Hong (អាន សាង ហុង)វិញ មនុស្សភាគច្រើននៅក្នុងពិភពលោក មិនដែលបានឮពីការមកដល់របស់គាត់ទេ។ គាត់មិនបានជិះសេះសមកពីលើមេឃនោះទេ។ គាត់មិនបានបំផ្លាញខ្មាំងសត្រូវរបស់គាត់ ហើយសោយរាជ្យតរៀងទៅនោះទេ។ ផ្ទុយទៅវិញ គាត់បានរស់នៅជាមនុស្សធម្មតា ហើយបានស្លាប់ពេលគាត់មានអាយុតែ ៦៧ឆ្នាំប៉ុណ្ណោះ ហើយមិនបានរស់ពីស្លាប់ឡើងវិញទេ! បន្ទាប់ពីគាត់ស្លាប់ទៅ ប្រពន្ធរបស់គាត់បានប្រកាសខ្លួនថា ជា «Mother God ព្រះវរមាតា» ឬ «The Heavenly Mother ព្រះវរមាតានៃស្ថានសួគ៌» ដែលមានឋានៈស្មើរនឹងព្រះជាម្ចាស់។ គ្រូបង្រៀនខុសឆ្គងថ្មីមកពីប្រទេសកូរ៉េជឿថា Ahn-Sahng-Hong (អាន សាង ហុង) គឺជាព្រះគ្រីស្ទ ហើយប្រពន្ធរបស់គាត់ឈ្មោះ Zhang Gil Jah (ហ្សាង ហ្គិល ចា) គឺជា «Mother God ព្រះវរមាតា»។ ឥឡូវពួកគេបានមកទីនេះ ដើម្បីបង្រៀនការកុហកដ៏អាក្រក់នេះ។
ខ. សេចក្ដីបង្រៀនខុសឆ្គងទី២៖ ដើម្បីបានសង្គ្រោះអ្នកត្រូវតែជឿលើ «ព្រះគ្រីស្ទ Ahn-Sahng-Hong (អាន សាង ហុង)»ផង ហើយធ្វើតាមក្រឹត្យវិន័យមួយចំនួនក្នុងគម្ពីរសញ្ញាចាស់ផង។
ព្រះគម្ពីរមិនដែលបង្រៀនថា សេចក្ដីសង្គ្រោះត្រូវមកតាមរយៈព្រះគ្រីស្ទ Ahn-Sahng-Hong (អាន សាង ហុង) សោះ។ ព្រះគម្ពីរបង្រៀនថា ក្រៅពីព្រះនាមព្រះយេស៊ូវ «គ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។
មួយទៀតការពឹងលើការធ្វើតាមក្រឹត្យវិន័យដើម្បីបានសង្គ្រោះ គឺជាសេចក្ដីបង្រៀនខុសឆ្គងដដែលដែលសាវកប៉ុលបានកាត់ទោសនៅគម្ពីរកាឡាទី។ អ្នកត្រូវចាំថាគម្ពីរកាឡាទីចាប់ផ្ដើមដោយការនិយាយពាក្យធ្ងន់ៗទាំងនេះរបស់សាវកប៉ុល។
«ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រីស្ទជាឆាប់ម៉្លេះ នឹងទៅតាមដំណឹងល្អផ្សេងទៀតនោះ ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង ប៉ុន្តែបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្ដាសាចុះ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្ដងទៀតថា បើអ្នកណាប្រាប់ដំណឹងណាខុសអំពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្ដាសាចុះ» (កាឡាទី ១:៦-៩)។
តើអ្វីទៅជា«ដំណឹងល្អផ្សេង»ដែលពួកគ្រូខុសឆ្គងបានបង្រៀននៅកាឡាទី? ពួកគេបានបង្រៀនថា ពួកអ្នកជឿនៅកាឡាទីត្រូវជឿព្រះយេស៊ូវផង និងធ្វើតាមក្រឹត្យវិន័យនៅសញ្ញាចាស់ខ្លះរបស់ពួកយូដាផង ដូចជាទទួលការកាត់ស្បែក ហើយនិងរក្សាថ្ងៃបរិសុទ្ធ ដើម្បីបានសង្គ្រោះ។
ពួកគេបានបំផ្លាញដំណឹងល្អដោយការដាក់បន្ថែម។
ការនេះក៏ជាអ្វីដែលពួកគ្រូបង្រៀនថ្មីនៅស្រុកខ្មែរបានធ្វើដែរ។ ពួកគេបាននិយាយថា យើងត្រូវតែជឿព្រះយេស៊ូវផង និងធ្វើតាមច្បាប់នៅសញ្ញាចាស់ដែលថ្វាយបង្គំនៅថ្ងៃសៅរ៍ផង។ តើសាវកប៉ុលបាននិយាយអ្វីចំពោះអ្នកដែលហ៊ានដាក់បន្ថែមទៅលើដំណឹងល្អ?
«ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រីស្ទជាឆាប់ម៉្លេះ នឹងទៅតាមដំណឹងល្អផ្សេងទៀតនោះ ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង ប៉ុន្តែបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្ដាសាចុះ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្ដងទៀតថា បើអ្នកណាប្រាប់ដំណឹងណាខុសអំពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្ដាសាចុះ» (កាឡាទី ១:៦-៩)។
«តែគេមិនបានបង្ខំឲ្យទីតុស ជាសាសន៍ក្រេក ដែលនៅជាមួយនឹងខ្ញុំ បានកាត់ស្បែកទេ ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមកដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ តែយើងខ្ញុំមិនព្រមចុះចូលនឹងពួកនោះ សូម្បីតែ១ភ្លែតផង ដើម្បីឲ្យសេចក្ដីពិតរបស់ដំណឹងល្អបាននៅស្ថិតស្ថេរជាប់នឹងអ្នករាល់គ្នា» (កាឡាទី ២:៣-៥)។
«យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ពី ព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ» (កាឡាទី ២:១៦)។
«...បើសិនជាសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ» (កាឡាទី ២:២១)។
«តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះត្រូវបណ្ដាសាវិញ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយ អស់់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម» (កាឡាទី ៣:១០)។
«...នោះធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាបានត្រឡប់ទៅឯបឋមសិក្សាខ្សោយហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្ដងទៀតនោះ អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវ និង ឆ្នាំផ្សេងៗ ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងអ្នករាល់គ្នាជាឥតប្រយោជន៍» កាឡាទី ៤:៩-១១)។
«នែ ប៉ុលខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាសោះ ហើយខ្ញុំធ្វើបន្ទាល់ម្ដងទៀត ដល់អស់មនុស្សដែលកាត់ស្បែកហើយថា អ្នកនោះឯងជាអ្នកជំពាក់ក្រឹត្យវិន័យ នឹងត្រូវធ្វើតាមគ្រប់ជំពូក អ្នករាល់គ្នាណាដែលពឹងដល់ក្រឹត្យវិន័យ ឲ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ អ្នកបានធ្លាក់ចេញពីព្រះគុណហើយ» (កាឡាទី ៥:២-៤)។
ពួកគ្រូខុសឆ្គងថ្មីនៅស្រុកខ្មែរនឹងបដិសេធថា ពួកគេមិនបានផ្លាស់ប្ដូរ ឬក៏បន្ថែមដំណឹងល្អនោះទេ ប៉ុន្តែតាមពិតពួកគេបានធ្វើហើយ។ យើងត្រូវតែព្រមានពួកគេឲ្យកែប្រែចិត្ត។ បើពួកគេមិនប្រែចិត្តទេ យើងត្រូវបែរចេញពីពួកនោះ ព្រោះពួកគេជាគ្រូក្លែងក្លាយ។
គ. សេចក្ដីបង្រៀនខុសឆ្គងទី៣៖ ប្រសិនបើអ្នកថ្វាយបង្គំនៅថ្ងៃអាទិត្យ នោះអ្នកត្រូវបណ្ដាសាហើយ។
ពួកគេបានបង្រៀនយ៉ាងខ្លាំងថា គ្រីស្ទបរិស័ទត្រូវតែជុំគ្នាថ្វាយបង្គំនៅថ្ងៃសៅរ៍តែមួយគត់ ដូចជាពួកសាសន៍យូដា។ នៅពេលពួកគេនិយាយដូចនេះ ពួកគេកំពុងតែបង្រៀនទាស់នឹងព្រះគម្ពីរ ហើយទាស់នឹងប្រវត្តិសាស្ត្រ២០០០ឆ្នាំនៃពួកជំនុំ។
១. គ្រីស្ទបរិស័ទរស់នៅក្នុងសន្ធិសញ្ញាថ្មី មិនមែននៅក្នុងសន្ធិសញ្ញាចាស់ទេ។ នៅក្នុងសន្ធិសញ្ញាចាស់ព្រះជាម្ចាស់បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងសាសន៍យូដា ដោយផ្អែកលើការយល់ព្រមគ្នានៅភ្នំស៊ីណាយ។ កិច្ចព្រមព្រៀងនោះរួមមាន ទាំងក្រឹត្យវិន័យដប់ប្រការ ក្រឹត្យវិន័យអំពីយញ្ញបូជា និងថ្ងៃបុណ្យ ក្រឹត្យវិន័យអំពីការកាត់ស្បែក ក្រឹត្យវិន័យអំពីថ្ងៃឈប់សម្រាកផ្សេងៗ និងក្រឹត្យវិន័យរាប់រយទៀត។ ប៉ុន្តែនៅក្នុងសម័យសន្ធិសញ្ញាថ្មី ព្រះជាម្ចាស់បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងរាស្ត្ររបស់ទ្រង់ ដោយផ្អែកលើជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ។ ក្រឹត្យវិន័យ និងរឿងទាំងអស់នៅក្នុងសញ្ញាចាស់ចង្អុលទៅឯព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវបានបំពេញគ្រប់ទាំងក្រឹត្យវិន័យ និងរឿងទាំងនោះ។ គ្រីស្ទបរិស័ទមិនស្ថិតនៅក្រោមក្រឹត្យវិន័យសញ្ញាចាស់ដូចពួកសាសន៍យូដាទេ។ (រ៉ូម ៦:១៤, កាឡាទី ៣:១០, កាឡាទី ៥:១៨, កាឡាទី ៣:១៣)។
២. នៅក្នុងដំណឹងល្អ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញថា អ្វីៗទាំងអស់នៅក្នុងសញ្ញាចាស់ដូចជា ព្រះវិហារ យញ្ញបូជា សម្ដេចសង្ឃ ក្រឹត្យវិន័យ ថ្ងៃឈប់សម្រាក គឺចង្អុលសំដៅមកទ្រង់ផ្ទាល់។ ទ្រង់បានបំពេញអ្វីៗទាំងអស់នោះ (ម៉ាថាយ ៥:១៧)។ ទ្រង់គឺជាម្ចាស់នៃព្រះវិហារនៅយេរូសាឡិម (ម៉ាថាយ ១២:៦) ទ្រង់ជាម្ចាស់នៃថ្ងៃឈប់សម្រាក (ម៉ាថាយ ១២:៨) ហើយទ្រង់គឺជាម្ចាស់នៃក្រឹត្យវិន័យ (ម៉ាថាយ ៥:២១-៤៨)។ ប្រសិនបើព្រះយេស៊ូវចង់ឲ្យព្រះវិហារត្រូវបំផ្លាញ ដើម្បីមិនមានយញ្ញបូជាទៀត នោះទ្រង់អាចអាចធ្វើឲ្យការនោះកើតឡើងបាន (ម៉ាថាយ ២៧:៥១, ម៉ាថាយ ២៤:២)។ ប្រសិនបើទ្រង់ចង់លើកច្បាប់អំពីការថ្វាយបង្គំថ្ងៃសៅរ៍ចេញ នោះគឺជាសិទ្ធិរបស់ទ្រង់ ព្រោះទ្រង់គឺជាម្ចាស់នៃថ្ងៃឈប់សម្រាក។ (ទ្រង់មិនដែលមានបន្ទូលថា ទ្រង់នឹងផ្លាស់ប្ដូរថ្ងៃថ្វាយបង្គំនោះទេ ប៉ុន្តែទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់មានសិទ្ធិធ្វើអ្វីដែលទ្រង់ចង់ធ្វើចំពោះច្បាប់នៃថ្ងៃឈប់សម្រាក។ ដូច្នេះយើងមិនគួរភ្ញាក់ផ្អើលនោះទេ ប្រសិនបើពួកជំនុំនៃសន្ធិសញ្ញាថ្មីចាប់ផ្ដើមថ្វាយបង្គំនៅថ្ងៃអាទិត្យ គឺ «ថ្ងៃនៃព្រះអម្ចាស់» ព្រះយេស៊ូវដែលជាម្ចាស់នៃពួកជំនុំ ទ្រង់ក៏ជាម្ចាស់នៃថ្ងៃឈប់សម្រាកដែរ)។
៣. យើងបានឃើញនៅក្នុងដំណឹងល្អថា ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់សម្រាកនៅថ្ងៃសៅរ៍ ដូចក្រឹត្យវិន័យនៅគម្ពីរសញ្ញាចាស់បានបង្គាប់។ ហេតុអ្វី? ព្រះយេស៊ូវត្រូវតែបំពេញ ហើយនិងធ្វើតាមយ៉ាងត្រឹមត្រូវគ្រប់ទាំងក្រឹត្យវិន័យនៅក្នុងគម្ពីរសញ្ញាចាស់ ដើម្បីធ្វើជាយញ្ញបូជាសម្រាប់បាបរបស់យើង។ ទ្រង់បាន«កើតមកក្រោមអំណាចក្រឹត្យវិន័យ ដើម្បីលោះពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ» (កាឡាទី ៤:៤-៥)។ ដើម្បីសង្គ្រោះយើងព្រះយេស៊ូវបានត្រឡប់ជា «អ្នកបំរើ ដល់ពួកកាត់ស្បែក» (រ៉ូម ១៥:៨)។ ទ្រង់បានដាក់អង្គទ្រង់នៅ ក្រោមក្រឹត្យវិន័យរាប់រយនៅក្នុងគម្ពីរសញ្ញាចាស់ ដើម្បីឲ្យយើងមិនស្ថិតនៅក្រោមបណ្ដាសានៃក្រឹត្យវិន័យទាំងនោះ (កាឡាទី ៣:១៣)។ ទ្រង់បានយកសត្វធ្វើជាយញ្ញបូជានៅព្រះវិហារ សូម្បីតែទ្រង់ដឹងថា បន្ដិចទៀត យញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង នឹងធ្វើឲ្យយញ្ញបូជានៅព្រះវិហារលែងចាំបាច់ទៀតក្ដី។ ទ្រង់បានរក្សាគ្រប់ទាំងថ្ងៃបុណ្យសូម្បីតែទ្រង់ដឹងថា សន្ធិសញ្ញាថ្មីនឹងធ្វើឲ្យថ្ងៃបុណ្យត្រូវបញ្ចប់ក្ដី (ហេព្រើរ ១០:១)។ ទ្រង់បានដឹងថា «ស្រមោល»នៃក្រឹត្យវិន័យសញ្ញាចាស់ កំពុងត្រូវរំលងបាត់ទៅ ព្រោះទ្រង់កំពុងបំពេញក្រឹត្យវិន័យទាំងអស់នោះ។
៤. មិនយូរប៉ុន្មាននៅគ្រានៃសន្ធិសញ្ញាថ្មី គ្រីស្ទបរិស័ទបានចាប់ផ្ដើមប្រជុំគ្នាដើម្បីទទួលពិធីលៀងព្រះអម្ចាស់ និង ការបង្រៀននៅថ្ងៃអាទិត្យ។ មូលហេតុមួយដែលពួកគេត្រូវធ្វើដូចនេះ ដោយសារការប្រជុំនៅព្រះវិហារ និងនៅសាលាប្រជុំ គេមិនអនុញ្ញាតឲ្យពួកអ្នកជឿធ្វើពិធីលៀងព្រះអម្ចាស់ទេ ដូច្នេះពួកគេក៏ប្រជុំគ្នានៅថ្ងៃអាទិត្យទៀត ដើម្បីធ្វើពិធីនេះ។ ទាំងនេះគឺជាសេចក្ដីយោងខ្លះនៅក្នុងគម្ពីរសញ្ញាថ្មី និង ការនិពន្ធរបស់ពួកគ្រីស្ទបរិស័ទជំនាន់ដើមអំពី«ការប្រជុំគ្នា» នៅ «ថ្ងៃដំបូងក្នុងអាទិត្យ» ដើម្បី «កាច់នំបុ័ង»។
|
|
ថ្ងៃដំបូងក្នុងអាទិត្យ... |
...ប្រជុំគ្នា... |
...ដើម្បីកាច់នំបុ័ង |
|
កិច្ចការ ២០:៧ |
ថ្ងៃដំបូងក្នុងអាទិត្យ |
ពួកសិស្សបានប្រជុំគ្នា |
ដើម្បីកាច់នំបុ័ង |
|
១កូរិនថូស ១១:២០ |
|
...ដែលប្រជុំគ្នានៅទីណាមួយ |
នោះមិនមែនប្រជុំ ដើម្បីនឹងបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ទេ
(សាវកប៉ុលបន្ទោសចិត្តអាត្មានិយមរបស់ពួកគេក្នុងពិធីលៀងព្រះអម្ចាស់) |
|
១កូរិនថូស ១៦:២ |
រាល់តែអាទិត្យក្នុងថ្ងៃដំបូង |
|
|
|
Didache (ឌីដាខេ) 14:1 (ចន្លោះឆ្នាំ ៥០ និង
ឆ្នាំ១០០ នៃគ.ស) |
រៀងរាល់ថ្ងៃរបស់ព្រះអម្ចាស់... |
...អ្នករាល់គ្នាត្រូវប្រជុំគ្នា... |
ហើយកាច់នំបុ័ង។ |
|
សំបុត្ររបស់ Ignatius(អ៊ីនាធីយូស)ផ្ញើទៅពួកជំនុំអេភេសូ
២០:២ |
|
មកប្រជុំគ្នា |
កាច់នំបុ័ង |
៥. រ៉ូម ១៤:១-៦ និង កូល៉ុស ២:១៦-១៧ បង្រៀនយ៉ាងច្បាស់ថា
ប្រសិនបើគ្រីស្ទបរិស័ទចង់ប្រព្រឹត្តតាមថ្ងៃបរិសុទ្ធ ឬក៏មិនប្រព្រឹត្តតាម
គឺស្រេចតែពួកគេ។ វាគឺជាសេរីភាព មិនមែនជាក្រឹត្យវិន័យទេ។ អ្នកណាដែលចង់បង្ខំឲ្យអ្នកផ្សេងធ្វើតាមថ្ងៃបុណ្យ
ឬថ្ងៃបរិសុទ្ធ គឺកំពុងប្រឆាំងនឹងសេចក្ដីបង្រៀននៃព្រះគម្ពីរក្នុងវគ្គទាំងពីរនេះហើយ។
សេចក្ដីបញ្ចប់
មានក្រឹត្យវិន័យផ្សេងទៀតដែលពួកគ្រូខុសឆ្គងថ្មីចង់បង្ខំឲ្យគ្រីស្ទបរិស័ទនៅស្រុកខ្មែរធ្វើតាម។
ពួកគេបាននិយាយថា គ្រីស្ទបរិស័ទគួរធ្វើពិធីលៀងព្រះអម្ចាស់តែមួយដងគត់ក្នុងមួយឆ្នាំ
គឺធ្វើនៅថ្ងៃបុណ្យរំលងរបស់សាសន៍យូដា។ ក៏ប៉ុន្តែនៅគម្ពីរកិច្ចការ ២០:៦-៧
បានបញ្ជាក់យ៉ាងច្បាស់ថា សាវកប៉ុលបានធ្វើពិធីលៀងព្រះអម្ចាស់នៅទ្រអាស ១២ថ្ងៃក្រោយបន្ទាប់ពីបុណ្យនំបុ័ងឥតដំបែ
និងបុណ្យរំលង ដែលបានកើតឡើងកំឡុងពេលដែលពួកគាត់នៅក្រុងភីលីព។
«ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។
«បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ
នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង
ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នា ក្នុងការអាក្រក់អ្នកនោះដែរ»
(២យ៉ូហាន ១០-១១)
ព័ត៌មានបន្ថែមសូមមើលវែបសាយនេះ៖
http://encountering-ahnsahnghong.blogspot.com/
http://www.examiningthewmscog.com/
