លោក ចន ម៉ាក្សវែល និង លោក ឆាល ម៉ាខល
បញ្ហាដ៏ធំមួយក្នុងចំណោមបញ្ហាផ្សេងទៀតនៅក្នុងការដឹកនាំ គឺជាការដែលអ្នកដឹកនាំមានភាពអសន្តិសុខ អំពីខ្លួនគាត់។ មានបញ្ហាផ្សេងៗកើតឡើងជារៀងរាល់សប្តាហ៍ជាមួយបុគ្គលិក សមាជិក និង អតិថិជន ដែលអ្នកដឹកនាំស្តីបន្ទោសលើអ្នកដទៃ។
ហេតុផលមួយដែលបង្កឲ្យមានបញ្ហាជាច្រើននៅកន្លែងធ្វើការ និង នៅក្នុងព័ន្ធកិច្ច គឺដោយសារតែ អ្នកដឹកនាំមានភាពអសន្តិសុខ។ អ្នកដឹកនាំមិនមានទំនុកចិត្តលើខ្លួនឯង និង មិនទទួលយកខ្លួនឯង ដូច ព្រះជាម្ចាស់បានទទួលយកគាត់ ដែលជាហេតុធ្វើឲ្យគាត់ដឹកនាំមិនមានប្រសិទ្ធភាព។
ឧទាហរណ៍៖
អ្នកដឹកនាំមិនមានទំនុកចិត្តក្នុងការប្រឈមមុខជាមួយស្ថានភាពមួយ
អ្នកដឹកនាំការពារខ្លួន នៅពេលដែលអ្នកដទៃមិនយល់ស្របតាមគាត់
អ្នកដឹកនាំចាកចេញពីមុខតំណែងនៃការដឹកនាំរបស់គាត់ នៅពេលដែលអ្នកខ្លះចោទសួរគាត់
អ្នកដឹកនាំគិតថា អ្នកដទៃកំពុងតែស្តីបន្ទោសដាក់គាត់ នៅពេលដែលពួកគេគ្រាន់តែសួរគាត់តែ ប៉ុណ្ណោះ
អ្នកដឹកនាំត្រូវតែព្យាយាមត្រួតត្រាមនុស្សគ្រប់គ្នា និង អ្វីៗទាំងអស់
អ្នកដឹកនាំមិនអាចធ្វើការបានល្អជាមួយអ្នកដទៃ
អ្នកដឹកនាំមិនបញ្ចូលអ្នកដទៃឲ្យចូលរួមក្នុងការសម្រេចចិត្ត
អ្នកដឹកនាំគិតថា អ្នកដទៃកំពុងតែព្យាយាមដណ្តើមការងាររបស់គាត់ ឬក៏ធ្វើឲ្យគាត់បរាជ័យ
អ្នកដឹកនាំមិនទទួលយកការស្តីបន្ទោសសម្រាប់កំហុសរបស់គាត់ ប៉ុន្តែ បែរជាស្តីបន្ទោសអ្នកដទៃ ឬក៏អ្វីមួយសម្រាប់ការបរាជ័យនោះទៅវិញ
ដោយសារតែភាពអសន្តិសុខរបស់គាត់ អ្នកដឹកនាំចាប់ផ្តើមជឿលើសេចក្តីកុហកអំពីខ្លួនគាត់ និង អ្នកដទៃ ហើយគាត់ធ្វើឲ្យការដឹកនាំ និង ព័ន្ធកិច្ចរបស់គាត់ដើរទៅរកភាពបរាជ័យ។
ការស្វែងរកភាពអសន្តិសុខនៅក្នុងឥរិយាបថរបស់អ្នក
វាងាយស្រួលសម្រាប់យើង ដែលឃើញពីភាពអសន្តិសុខនៅក្នុងឥរិយាបថរបស់នរណាម្នាក់ ប៉ុន្តែ យើងបែរ ជាមើលមិនឃើញពីភាពអសន្តិសុខ ដែលខ្លួនយើងមានទៅវិញ។ ចំណុចខាងក្រោម គឺជាឧទាហរណ៍ចេញ ពីព្រះគម្ពីរ ដែលនិយាយអំពីមនុស្សដែលមានភាពអសន្តិសុខអំពីខ្លួនពួកគេជានរណា។ ចូរអធិស្ឋាន និងទូលសូមព្រះជាម្ចាស់ឲ្យបង្ហាញដល់អ្នកអំពីភាពអសន្តិសុខផ្សេងៗដែលអ្នកមាន និង របៀបដែលវាជះ ឥទ្ធិពលលើការដឹកនាំរបស់អ្នក និង មនុស្សដែលធ្វើការជាមួយអ្នក។
១.យើងប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃ
យ៉ូហាន ២១៖២១-២២
ម៉ាថាយ ២០:១-១៣
គ្រោះថ្នាក់៖ យើងព្រងើយកន្តើយជាមួយនឹងអំណោយទានរបស់យើង និង តួនាទីដែល ព្រះជាម្ចាស់បានប្រទានដល់យើង ហើយបែរជាផ្តោតទៅលើជោគជ័យ ឬព្រះពររបស់អ្នកដទៃ ទៅវិញ។
ដោយសារតែយើងមិនបានផ្តល់តម្លៃដល់ខ្លួនឯង ដូច្នេះ ជារឿយៗ យើងស្តីបន្ទោសអ្នកដទៃ មានចិត្តច្រណែន ឬក៏ព្យាយាមរារាំងពួកគេមិនឲ្យទទួលបានជោគជ័យ។ យើងមានអារម្មណ៍ថា យើងត្រូវតែខំប្រឹងយ៉ាងខ្លាំង ដើម្បីឲ្យអ្នកដទៃទទួលយកយើង ហើយនៅពេលដែលពួកគេឡើង ឋានៈ ទទួលកិត្តិយស ឬព្រះពរ យើងក៏មានចិត្តខឹង ពិបាកចិត្ត ឬច្រណែនពួកគេ។
យើងត្រូវតែដឹងថា យើងជាមនុស្សពិសេសខុសគេ ហើយព្រះជាម្ចាស់មានការត្រាស់ហៅមួយខុស គេសម្រាប់យើង។ យើងត្រូវតែលត់ដំខ្លួនយើង និង អភិវឌ្ឍសក្តានុពលរបស់យើង ប៉ុន្តែ មិនត្រូវ ប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃឡើយ។ យើងអាចមើលទៅកាន់អ្នកដទៃ ដោយយកពួកគេ ធ្វើជាគំរូដ៏ល្អ ដែលយើងគួរដើរតាម ប៉ុន្តែ យើងត្រូវតែដឹងថា យើងជាមនុស្សពិសេស ហើយមិន ត្រូវខឹង ពិបាកចិត្ត ឬច្រណែនឡើយ នៅពេលដែលពួកគេទទួលជោគជ័យ ទទួលព្រះពរ ឬ កិត្តិយសនោះ។
២.យើងព្យាយាមត្រួតត្រាលើមនុស្ស ឬស្ថានភាព ជាជាងទុកចិត្តលើព្រះជាម្ចាស់
លោកយ៉ាកុប៖ លោកុប្បត្តិ ២៧ និង ៣២
ទំនុកតម្កើង ៣៧៖១-៨
យើងមានអារម្មណ៍ថា យើងត្រូវតែបង្ហាញឲ្យគេឃើញថា យើងត្រូវតែស្មើ ឬប្រសើរជាងអ្នកដទៃ ដោយព្យាយាមត្រួតត្រាលើអ្នកដទៃ និង ស្ថានភាពរបស់យើង ជាជាងទុកចិត្តលើព្រះជាម្ចាស់។
យើងរៀបចំផែនការដោយខ្លួនឯង ដើម្បីទទួលជោគជ័យ និង កិត្តិយសលើសអ្នកដទៃ។
យើងចូលទៅក្នុងស្ថានភាព ដែលនាំឲ្យមានលទ្ធផលបរាជ័យ ការខាតបង់ ឬការអាម៉ាស់ ពីព្រោះយើងព្យាយាមធ្វើអ្វីៗតាមកម្លាំងរបស់យើង ជាជាងអនុញ្ញាតឲ្យព្រះជាម្ចាស់រៀបចំ ស្ថានភាពនោះសម្រាប់យើង។
ពេលខ្លះ យើងមានចិត្តមិនទៀងត្រង់ ហើយយើងបោកបញ្ឆោតអ្នកដទៃ ដើម្បីទទួលបានអ្វី ដែលយើងគិតថា យើងត្រូវការ។
យើងមានអារម្មណ៍ថា ប្រសិនបើយើងមិនម្ចាស់ការលើស្ថានភាពទេ នោះយើងនឹងមិនទទួល លទ្ធផលដែលយើងចង់បានឡើយ។ ពិតមែនហើយ យើងត្រូវតែរៀបចំគម្រោងការ និង ខិតខំប្រឹង ប្រែង ប៉ុន្តែ យើងត្រូវតែអនុញ្ញាតឲ្យព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការនៅក្នុងជីវិត និង ស្ថានភាពរបស់ យើង។ ប្រសិនបើយើងព្យាយាមត្រួតត្រាលើមនុស្ស ឬស្ថានភាព លទ្ធផលនឹងចេញមកពីកិច្ចខិតខំ ប្រឹងរបស់យើង មិនមែនចេញពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។
៣.យើងប្រកួតប្រជែងជាមួយអ្នកដទៃ
បងប្រុសនៅក្នុងរឿងកូនពៅដែលបាត់ (លូកា ១៥៖២៥-៣២)
កាឡាទី ៦៖៤-៥
ដោយសារតែយើងមិនពេញចិត្តជាមួយខ្លួនឯង ដូច្នេះ យើងមានអារម្មណ៍ថា យើងត្រូវតែបញ្ជាក់ អំពីតម្លៃរបស់យើង តាមរយៈការមានជោគជ័យ។ យើងមានអារម្មណ៍ថា យើងត្រូវតែជាមនុស្ស ដែលល្អជាងគេបំផុត។ នៅពេលដែលអ្នកដទៃធ្វើអ្វីមួយប្រសើរជាងយើង ឬនៅពេលដែលយើង មិនបានសម្រេចគោលដៅដែលយើងខំប្រឹង យើងក៏មានអារម្មណ៍ខឹង ពិបាកចិត្ត ឬអស់សង្ឃឹម។ ពេលខ្លះ យើងថែមទាំងមានអារម្មណ៍អាម៉ាស់ ឬមានចិត្តឈ្នានីសអ្នកដទៃទៀតផង។
នៅពេលដែលយើងមានចិត្តបែបនេះ ជារឿយៗ យើងរិះគន់អ្នកដទៃ និង កាត់ទោសពួកគេ។ យើងគិតអំពីកំហុស និង ការបរាជ័យរបស់ពួកគេ។ យើងនិយាយជាច្រើនអំពីសមិទ្ធផល និង ជោគជ័យរបស់យើង ដោយសារតែយើងចង់ឲ្យមនុស្សសរសើរ និង ផ្តល់កិត្តិយសដល់យើង។
នៅពេលដែលយើងមានចិត្តបែបនេះ យើងផ្តោតលើតែខ្លួនឯង យើងមិនផ្តោតលើលទ្ធផលរបស់ អាជីវកម្ម អង្គភាព ឬក្រុមជំនុំឡើយ។ ការនេះដោយសារតែយើងមិនយល់ថា មនុស្សគ្រប់គ្នាមាន មុខងារមួយនៅក្នុងដំណើរការនេះ។ វាមិនសំខាន់សម្រាប់យើង ដែលមានចិត្តច្រណែនចំពោះ អ្នកដទៃ នៅពេលដែលពួកគេមានជោគជ័យនោះឡើយ។ យើងត្រូវយកចិត្តទុកដាក់បំពេញតួនាទី របស់យើង ដើម្បីឲ្យអាជីវកម្ម អង្គភាព ឬក្រុមជំនុំទទួលបានជោគជ័យ។ យើងនឹងទទួលរង្វាន់ សម្រាប់កិច្ចការដែលយើងធ្វើពីព្រះបិតារបស់យើង ដែលគង់នៅស្ថានសួគ៌។ ម៉ាថាយ ៦៖១-៤។
໔.យើងចង់ឲ្យអ្នកដទៃទទួលយកយើង
លូកា ១០៖៣៨-៤២
១ កូរិនថូស ១៥៖១០
ដោយសារតែយើងមិនទទួលយកខ្លួនឯង ដូច្នេះ យើងមានអារម្មណ៍ថា អ្នកដទៃក៏មិនទទួលយក យើងផងដែរ។ យើងក៏ប្រហែលជាមានអារម្មណ៍ថា ព្រះជាម្ចាស់ក៏មិនទទួលយកយើងផងដែរ។ យើងដឹងគ្រប់ទាំងកំហុស និង ចំណុចខ្សោយទាំងអស់ ដែលយើងមាន ហើយយើងថ្កោលទោស ខ្លួនឯង។ យើងគិតថា ប្រសិនបើយើងធ្វើកិច្ចការជាច្រើន ហើយធ្វើវាឲ្យបានល្អ នោះអ្នកដទៃនឹង ទទួលយកយើង ហើយពួកគេនឹងសរសើរយើងជាមិនខាន។
យើងត្រូវតែដឹងថា ព្រះជាម្ចាស់ទទួលយកយើង។ ព្រះជាម្ចាស់ទទួលយកយើង ទោះបីជាយើង មានកំហុស ចំណុចខ្សោយ និង អំពើបាបក៏ដោយ។ យើងមិនចាំបាច់ធ្វើអ្វីមួយ ដើម្បីផ្គាប់ចិត្ត ព្រះជាម្ចាស់ឡើយ។ ការទទួលយករបស់យើងចេញមកពីព្រះជាម្ចាស់។ យើងអាចពេញចិត្ត ជាមួយខ្លួនឯង ដោយសារតែព្រះជាម្ចាស់ពេញចិត្តជាមួយយើង ដូច្នេះ យើងត្រូវតែពេញចិត្ត ជាមួយខ្លួនយើង។ យើងជាមនុស្សដែលមានតម្លៃ ដោយមិនអាស្រ័យលើថាតើអ្នកដទៃទទួលយក យើង សរសើរយើង ឬផ្តល់កិត្តិយសដល់យើងនោះទេ។ ប៉ុន្តែ យើងជាមនុស្សដែលមានតម្លៃ ដោយសារតែយើងជាកូនរបស់ព្រះជាម្ចាស់។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការងាររបស់យើង យើងត្រូវតែខិតខំធ្វើការ និង ធ្វើការ ដោយ ចិត្តឧស្សាហ៍ព្យាយាម ដោយមានប្រសិទ្ធភាព និង ប្រសិទ្ធផល។ យើងត្រូវតែអភិវឌ្ឍសមត្ថភាព របស់យើង ដើម្បីឲ្យរីកចម្រើនជាអ្នកដឹកនាំ។ ប៉ុន្តែ យើងព្យាយាមរីកចម្រើនឡើងជាអ្នកដឹកនាំ មិនមែនដើម្បីទទួលកិត្តិយសពីអ្នកដទៃឡើយ ប៉ុន្តែ ដើម្បីជួយការងាររបស់យើងក្នុងការថ្វាយ សិរីល្អដល់ព្រះជាម្ចាស់។
៥.យើងកាត់ទោសអ្នកដទៃ
១ ពង្សាវតារក្សត្រ ១៩៖១-២៨
១ កូរិនថូស ៤៖៣-៥
ដោយសារតែយើងមិនមានអារម្មណ៍ល្អអំពីខ្លួនឯង (យើងមិនទទួលស្គាល់ខ្លួនយើងថាជាមនុស្ស ដែលមានតម្លៃ) នោះវានឹងធ្វើឲ្យយើងមើលឃើញអ្វីៗមិនច្បាស់លាស់។ យើងមើលឃើញ តាមរយៈតម្រងនៃការឈឺចាប់ គឺជាការឈឺចាប់នៃការបដិសេធ។ យើងមើលឃើញសកម្មភាព របស់អ្នកដទៃ ដែលប្រព្រឹត្តចំពោះយើង ដូចជាការវាយប្រហារមកកាន់យើង ការបដិសេធយើង ឬការព្យាយាមត្រួតត្រា ឬយកឈ្នះលើយើង។ ដូច្នេះ ជារឿយៗ យើងមើលទៅកាន់បញ្ហា ដូចជាធំជាងបញ្ហាខ្លួនវាទៅទៀត។ យើងមើលទៅកាន់បញ្ហារបស់យើង ដូចជាភ្នំមួយ ជាជាងមើលឃើញ វាគ្រាន់តែជាពំនូកដីដ៏តូចមួយ។ យើងមើលឃើញស្ថានភាពរបស់យើង ដូចជាធ្ងន់ធ្ងរជាង ស្ថានភាពពិតទៅទៀត។
យើងក៏កាត់ទោសអ្នកដទៃ ដោយសារតែយើងគិតថា ពួកគេប្រឆាំងនឹងយើង។
យើងត្រូវតែទទួលស្គាល់ថា យើងមានភាពអសន្តិសុខ និង មានបញ្ហាជាមួយតម្លៃខ្លួន និង ការបដិសេធ។ យើងត្រូវតែទទួលស្គាល់ថា យើងប្រហែលជាមិនបានមើលឃើញស្ថានភាព តាម សេចក្តីពិតនោះទេ ប៉ុន្តែ យើងបែរជាមើលឃើញស្ថានភាព ដោយប្រើតម្រងនៃអារម្មណ៍ឈឺចាប់ របស់យើងទៅវិញ។ យើងត្រូវតែបញ្ឈប់ការកាត់ទោស ហើយសុំអ្នកដទៃឲ្យជួយយើងមើល ឃើញស្ថានភាពនោះឲ្យបានច្បាស់លាស់ ថាតើនេះគឺជាស្ថានភាពពិត ឬក៏មិនពិត?
យើងត្រូវតែទទួលយកដំបូន្មាន និង ការរិះគន់ស្ថាបនាពីអ្នកដទៃ និង អនុញ្ញាតឲ្យពួកគេធ្វើការ រួមគ្នាជាមួយយើង។
យើងត្រូវតែសប្បាយចិត្ត នៅពេលដែលអ្នកដទៃទទួលជោគជ័យ ពីព្រោះថា នៅពេលដែលមនុស្ស ម្នាក់ទទួលជោគជ័យ នោះក្រុមទាំងមូលក៏ជោគជ័យផងដែរ។
មាគ៌ា ដើម្បីទទួលបានសុខភាពខាងអារម្មណ៍
ខាងក្រោមនេះ គឺជាជំហានទាំងប្រាំពីរ ដើម្បីទទួលបានអារម្មណ៍ដែលមានសុខភាពល្អ។ ចូរស្វែងរកកន្លែង ស្ងាត់មួយ ហើយទូលសូមព្រះជាម្ចាស់ឲ្យបង្ហាញអ្នកអំពីរបៀបដែលទ្រង់អាចព្យាបាលអ្នកពីភាពអសន្តិសុខ និង ស្នាមរបួសខាងអារម្មណ៍ ដែលប៉ះពាល់ដល់ជីវិត និង ការដឹកនាំរបស់អ្នក។
១.ចូរស្វែងរកស្នាមរបួសនៅក្នុងវិញ្ញាណរបស់អ្នក ដែលជាប្រភពនៃការឈឺចាប់របស់អ្នក។
២. ចូរស្វែងរកថាតើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីការពារខ្លួនអ្នកពីការឈឺចាប់?
៣.តើអ្នកមានគំនិតទៀងត្រង់អ្វីខ្លះអំពីខ្លួនអ្នក?
៤. តើអ្នកមានគំនិតទៀងត្រង់អ្វីខ្លះអំពីអ្នកដទៃ?
៥. តើអ្នកមានគំនិតអ្វីខ្លះអំពីព្រះជាម្ចាស់?
៦.តើអ្នកត្រូវផ្លាស់ប្តូរអ្វីខ្លះនៅក្នុងគំនិតរបស់អ្នកអំពីខ្លួនអ្នក អ្នកដទៃ និង ព្រះជាម្ចាស់?
៧.ដើម្បីបន្តមានសេរីភាពពីភាពអសន្តិសុខ តើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីបង្កើតជាទម្លាប់មួយសម្រាប់ រយៈពេលជាច្រើនឆ្នាំទៅពេលអនាគត?