អ្នកអាចផ្លាស់ប្តូរពិភពលោកបាន!

 

សេចក្តីផ្តើម

ក្នុងនាមជាគ្រិស្តបរិស័ទថ្មីថ្មោងនៅក្នុងឆ្នាំ ១៩៧៤ ខ្ញុំបានអានព្រះគម្ពីរជាលើកដំបូង ហើយព្រះបន្ទូលរបស់ព្រះ យេស៊ូបានប៉ះពាល់ជីវិតរបស់ខ្ញុំ។ ព្រះយេស៊ូទាំងនោះ មានដូចជា៖

លូកា ៩:៦២

ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ “អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វី ដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ”។

លូកា ៩:២៣

បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ “បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលី ឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ។”

ខ្ញុំបានទទួលការប៉ះពាល់ ដោយទីបន្ទាល់របស់អ្នកជឿនៅជំនាន់មុនៗ ដូចខគម្ពីរខាងក្រោមនេះ៖

ហេប្រឺ ១១:៨-១០

ដោយសារជំនឿ លោកអប្រាហាំស្តាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែល លោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។ ដោយសារជំនឿ លោកបានមករស់នៅជា អាណិកជនក្នុងស្រុក ដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានឲ្យ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ុំសាក និងលោក យ៉ាកុប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោក តាមព្រះ បន្ទូលសន្យាដដែល។ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និង សង់ឡើង។

ជីវិតរបស់យើង មិនមែនជារបស់យើងឡើយ។ យើងកើតមក ដើម្បីសម្រេចគោលបំណងរបស់ ព្រះនៅក្នុងជំនាន់របស់យើង។ គ្មានការលំបាក ណា ដែលពិបាកពេកនោះឡើយ។

ហេប្រឺ ១១:១៣-១៦

បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះ ប៉ុណ្ណោះ។ អ្នកណានិយាយដូច្នេះបង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។ ប្រសិនបើបុព្វបុរសទាំងនោះនឹកស្រុក ដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។ តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អ ប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថា ជា ព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយ សម្រាប់ពួកលោករួចទៅហើយ។

ខ្ញុំបានទទួលការប៉ះពាល់ចិត្ត ដោយសាច់រឿង ដែលព្រះយេស៊ូបានប្រាប់អំពីអ្នកបម្រើ ដែលម្នាក់ៗបានទទួលលុយ មួយចំនួន ហើយម្ចាស់រំពឹងថា ពួកគេនឹងបង្កើនចំនួនលុយទាំងនោះ ហើយប្រគល់ឲ្យម្ចាស់របស់ខ្លួន នៅពេលដែល គាត់បានវិលត្រលប់មកវិញ។ ខ្ញុំចង់ក្លាយជាអ្នកបម្រើប្រភេទនោះ។

ម៉ាថាយ ២៥:២៣

ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។

កាលនៅជាគ្រិស្តបរិស័ទថ្មីថ្មោង ខ្ញុំជឿថា អត្ថន័យនៃជីវិត គឺជាការដើរតាមព្រះយេស៊ូយ៉ាងអស់ពីចិត្តរបស់អ្នក ហើយគ្មានថ្ងៃបកក្រោយឡើយ។ ចូរថ្វាយដល់ទ្រង់នូវអ្វីៗទាំងអស់ដែលអ្នកមាន ដោយមិនបាច់បម្រុងទុកឡើយ។ យើងមិនចាំបាច់ខ្វល់ពីអ្វីដែលយើងទទួលបានចេញពីជីវិតឡើយ ដ្បិតជីវិតរបស់យើង ត្រូវរស់នៅសម្រាប់គោល

បំណងរបស់ទ្រង់នៅក្នុងជំនាន់របស់យើង ហើយរង្វាន់របស់យើង មាននៅស្ថានសួគ៌ មិនមែននៅលើផែនដីនេះ ឡើយ។ ខ្ញុំបានព្យាយាមរស់នៅតាមរបៀបនេះ ដូច្នេះ ជីវិតរបស់ខ្ញុំ និងផលផ្លែដែលកើតចេញពីជីវិតខ្ញុំ នឹងត្រូវបាន ថ្វាយជាតង្វាយទៅកាន់ព្រះយេស៊ូ នៅពេលដែលខ្ញុំស្លាប់ទៅ ហើយឈរនៅមុខបល្ល័ង្កនៃការជំនុំជំរះរបស់ទ្រង់។

ប្រសាសន៍របស់លោកគ្រិស្តទូតប៉ូលបានដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំ នៅពេលដែលគាត់បានមកដល់ថ្ងៃចុងក្រោយ នៃជីវិតរបស់គាត់៖

២ធីម៉ូថេ ៤:៧-៨

ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏ សុចរិត បានបម្រុងភួងជ័យនៃសេចក្តីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិន ត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះ ដែរ។

ការយល់ដឹងអំពីផែនការអស់កល្យរបស់ព្រះជាម្ចាស់

នៅពេលដែលយើងអនុញ្ញាតឲ្យព្រះគម្ពីរដឹកនាំយើង នោះយើងឃើញថា កាលពីដើមដំបូងបង្អស់ ព្រះអាទិករ មាន ផែនការមួយសម្រាប់មនុស្សលោក។ ទ្រង់មិនបានផ្លាស់ប្តូរផែនការរបស់ទ្រង់ឡើយពីមួយជំនាន់ទៅមួយជំនាន់ ឬពី សម្ពន្ធមេត្រីមួយទៅសម្ពន្ធមេត្រីមួយទៀត។ ផែនការរបស់ទ្រង់ តែងតែដដែល។ ផែនការនោះ ត្រូវបានបើកសំដែង នៅក្នុងព្រះបន្ទូលដំបូងបង្អស់ ដែលទ្រង់មានព្រះបន្ទូលទៅកាន់មនុស្ស៖

លោកុប្បត្តិ ១:២៦-២៨

ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ “យើងបង្កើតមនុស្ស ជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឲ្យគេមានអំណាចលើ ត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើ ដី”។ 2” ព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គ ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ ព្រះអង្គ បានបង្កើតគេជាបុរសជាស្ត្រី។ "ព្រះជាម្ចាស់បានប្រទានពរឲ្យគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ “ចូរបង្កើតកូនចៅឲ្យបានកើន ច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។

ផែនការនេះ ត្រូវបានសង្ខេបមកបែបនេះ៖

១. ឲ្យមនុស្សទាំងអស់ដែលទ្រង់បានបង្កើត និងអនុញ្ញាតឲ្យកើតមកនៅលើផែនដីនេះ ស្គាល់ទ្រង់ និងមាន ទំនាក់ទំនងជាមួយទ្រង់។

២. ឲ្យមនុស្សទាំងអស់តំណាងអត្តចរិតរបស់ទ្រង់ នៅក្នុងគំនិត ពាក្យសំដី និងទង្វើរបស់យើង។

៣. ឲ្យមនុស្សទាំងអស់រស់នៅជីវិតជាមនុស្សជោគជ័យ គឺជាមនុស្សដែលគ្រប់គ្រងលើកាលៈទេសៈនៃជីវិត គ្រប់គ្រងលើជម្ងឺ អារក្ស វិញ្ញាណអាក្រក់ រាល់ការប្រឆាំង និងសម្រេចដល់សក្តានុពលពេញលេញ ដែលព្រះ ជាម្ចាស់បានបង្កើតពួកគេឲ្យក្លាយជា។

៤. ឲ្យមនុស្សទាំងអស់ជួយអ្នកដទៃទៀត ឲ្យស្គាល់ទ្រង់ តំណាងទ្រង់ និងគ្រប់គ្រង និងសោយរាជ្យក្នុងជីវិត។

នេះជាផែនការរបស់ព្រះសម្រាប់អដាំ និងអេវ៉ា សម្រាប់កូនៗរបស់ពួកគេ និងសម្រាប់គ្រប់កុលសម្ព័ន្ធ និងជាតិ សាសន៍ផ្សេងៗ នៅតាមភូមិ និងទីក្រុងទាំងអស់នៅលើផែនដី។ សព្វថ្ងៃនេះ មានមនុស្សប្រហែល ៧,៥ ប៊ីលលា ននាក់ កំពុងតែរស់នៅលើផែនដី។ សព្វថ្ងៃនេះ នៅគ្រប់ទីក្រុង គ្រប់ភូមិស្រុក និងគ្រប់ប្រទេស យើងមានឧក្រិដ្ឋកម្ម ការស្លាប់ ជម្ងឺ ការលែងលះ អំពើពុករលួយ និងបញ្ហាគ្រប់បែបយ៉ាង។ សូមអនុញ្ញាតឲ្យខ្ញុំសួរអ្នកថា តើនេះគឺជាព្រះ ហឫទ័យរបស់ព្រះឬ? តើនេះគឺជាព្រះហឫទ័យរបស់ព្រះសម្រាប់មនុស្សលោកឬ? អត់ទេ! មិនមែនទេ! នៅក្នុង ពិភពលោកនេះ មានបញ្ហា! ពិភពលោកនេះ បានក្រឡាប់ចក្រ! ការឈឺចាប់ ទុក្ខវេទនា ការគ្មានផ្ទះសំបែង ការអត់ ឃ្លាន ភាពក្រីក្រ និងសង្គ្រាម មិនមែនជាផែនការរបស់ព្រះសម្រាប់មនុស្សលោកឡើយ សូម្បីមនុស្សតែម្នាក់! តើ យើងត្រូវស្កប់ចិត្តជាមួយរឿងនេះ ហើយគិតថា វាកើតមកបែបហ្នឹង ដូច្នេះ យើងគ្រាន់តែទ្រាំទទួល រហូតដល់ព្រះ យេស៊ូយាងមក? ឬក៏ព្រះជាម្ចាស់មានច្រើនលើសពីនេះសម្រាប់យើង?

តើមានអ្វីបានកើតឡើងទៅកាន់ពិភពលោករបស់យើង?

អំពើបាបបានចូលទៅក្នុងពិភពលោក ហើយវាបាននាំមកជាមួយនូវជម្ងឺ សេចក្តីស្លាប់ និងគ្រប់ទាំងបញ្ហា ដែលបាន លើកឡើងខាងលើ។ ផែនការរបស់ព្រះ តែងតែចង់ស្ដារផែនដីទៅកាន់សភាពដើមវិញ។ យើងហៅការនេះថាការ កសាងព្រះរាជ្យរបស់ព្រះនៅលើផែនដី។ ព្រះរាជ្យរបស់ព្រះ គឺជាការសោយរាជ្យ និងសិទ្ធិអំណាចរបស់ព្រះនៅក្នុង ជីវិតរបស់មនុស្សម្នាក់ នៅក្នុងគ្រួសារ នៅក្នុងភូមិ នៅក្នុងស្រុក នៅក្នុងទីក្រុង និងនៅក្នុងប្រទេសជាតិមួយ ឬនៅ ក្នុងចំណោមក្រុមជនជាតិ។ ព្រះជាម្ចាស់នឹងមិនពេញចិត្តជាមួយការចុះចូលចំពោះទ្រង់ ដែលតិចជាង១០០%នៅ គ្រប់ជីវិត គ្រប់ភូមិ ទីក្រុង និងប្រទេសឡើយ។ នេះគឺជាផែនការរបស់ទ្រង់ តាំងពីដើមដំបូងមក សម្រាប់អដាំ និងអេ វ៉ា ដើម្បីកសាងព្រះរាជ្យរបស់ទ្រង់នៅក្នុងជីវិតរបស់គេ នៅក្នុងជីវិតកូនៗ និងពូជពង្សរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ អដាំ និងអេវ៉ា បានបរាជ័យនៅក្នុងផែនការនោះ។ ចុងបញ្ចប់ ព្រះជាម្ចាស់បានត្រាស់ ហៅអប្រាហាំ និងពូជពង្សរបស់គាត់ ដើម្បីបង្កើតព្រះរាជ្យរបស់ទ្រង់នៅលើផែនដី ប៉ុន្តែ ពេលដែលយើងអាននៅក្នុង ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ យើងឃើញថា ប្រជាជាតិអ៊ីស្រាអែល ក៏បានបរាជ័យផងដែរ។ ចុងបញ្ចប់ នៅក្នុងសម័យចុងក្រោយ ព្រះជាម្ចាស់បានត្រាស់ហៅក្រុមជំនុំរបស់ព្រះយេស៊ូ គ្រិស្ត ឲ្យក្លាយជាយានចុងក្រោយ ដើម្បីបង្កើតព្រះរាជ្យរបស់ទ្រង់ នៅលើផែនដី។

ស្ថានសួគ៌ គឺជាគំរូរបស់យើង។ គោល បំណងរបស់ព្រះ គឺឲ្យផែនដីមានលក្ខណៈ ដូចស្ថានសួគ៌។

ម៉ាថាយ ១៦:១៨-១៩

ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ។ មច្ចុរាជ ពុំមានអំណាចលើក្រុម ជំនុំនេះបានឡើយ " ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឲ្យអ្នក។ អ្វីៗដែលអ្នកចង នៅលើផែនដីនេះ ព្រះជាម្ចាស់ នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ”។

ក្រុមជំនុំ នឹងមិនបរាជ័យឡើយ៖ ដ្បិតមច្ចុរាជ ពុំមានអំណាចលើក្រុមជំនុំឡើយ។

ព្រះយេស៊ូ បានមានព្រះបន្ទូលបែបនេះ៖

ម៉ាថាយ ៦:៩-១០

“ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គឲ្យមនុស្សលោកស្គាល់ សូម ឲ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។” 

តើស្ថានសួគ៌មានលក្ខណៈបែបណាទៅ?

គ្មានជម្ងឺ

គ្មានភាពក្រីក្រ

គ្មានសេចក្តីស្លាប់

គ្មានការលែងលះ

គ្មានអំពើពុករលួយ

មនុស្សគ្រប់គ្នា ចេះស្រឡាញ់

មនុស្សគ្រប់គ្នា ស្រឡាញ់ព្រះជាម្ចាស់នៃសកលលោក ហើយស្តាប់បង្គាប់ទ្រង់១០០%

តាមអ្វីដែលខ្ញុំស្វែងយល់នៅក្នុងខគម្ពីរនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ចង់ឲ្យផែនដីមានលក្ខណៈដូចស្ថានសួគ៌។

វាជាការសំខាន់សម្រាប់យើង ដែលត្រូវយល់ថា ការឲ្យផែនដី មានលក្ខណៈដូចស្ថានសួគ៌នេះ គឺជាដំណើរការមួយ។ វាត្រូវចាប់ផ្តើមមួយជំហានម្តងៗ។ នៅក្នុងជីវិតរបស់យើង យើងមិនដឹងថា យើងអាចផ្លាស់ប្តូរផែនដីឲ្យដូចស្ថានសួគ៌ បានប៉ុណ្ណាឡើយ ប៉ុន្តែ យើងត្រូវតែព្យាយាម។ ការនេះត្រូវតែជានិមិត្ត និងគោលដៅរបស់យើង ដោយសារតែវាគឺជា និមិត្ត និងគោលដៅរបស់ព្រះជាម្ចាស់។ និមិត្ត និងគោលដៅរបស់យើង មិនអាចតូចជាងនិមិត្ត និងគោលដៅរបស់ ព្រះជាម្ចាស់បានឡើយ!

១. អដាំ និងអេវ៉ា បានបរាជ័យ

២. អ៊ីស្រាអែល បានបរាជ័យ

៣. ក្រុមជំនុំទទួលបេសកកម្មឲ្យកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដី

៤. ចុងបញ្ចប់ គ្រប់ជង្គង់នឹងលុតចុះ គ្រប់អណ្តាតនឹងសារភាពថា ព្រះយេស៊ូជាព្រះអម្ចាស់ ហើយគ្រប់ប្រជាជាតិ នឹងចុះចូលចំពោះព្រះយេស៊ូ ជាព្រះអម្ចាស់។ យើងជាផ្នែកមួយនៃដំណើរការនេះនៅក្នុងជំនាន់របស់យើង។

វិវរណៈ ១១:១៥

ទេវតាទីប្រាំពីរផ្លុំត្រៃឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ “រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់ នៃយើង និងថ្វាយព្រះគ្រិស្តរបស់ព្រះអង្គ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!”។

នេះគឺជាបេសកកម្មរបស់ក្រុមជំនុំ៖

ម៉ាថាយ ២៨:១៨-២០

ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ “ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែន ដី។ ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជា មួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក”។

បេសកកម្មរបស់យើង គឺត្រូវបង្កើតសាវ័កនៅគ្រប់ជាតិសាសន៍! មនុស្សគ្រប់រូបនៅគ្រប់ភូមិ ទាំងអ្នកមាន អ្នកក្រ ក្មេង ចាស់ ចេះដឹង មិនចេះដឹង មនុស្សល្អ ឬមនុស្សអាក្រក់។ ទីវាលបេសកកម្មរបស់យើង គឺជាពិភពលោក។ យើង មិនអាចស្លាប់ទៅ ដោយមិនបានធ្វើអ្វីគ្រប់យ៉ាង អស់ពីកម្លាំងរបស់យើង និងកម្លាំងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បី ឈោងចាប់មនុស្សគ្រប់គ្នានោះឡើយ... ខ្ញុំសូមនិយាយម្តងទៀត...មនុស្សគ្រប់រូបនៅក្នុងផ្នែកផ្សេងៗនៃជីវិតរបស់ យើង។

ការបង្កើតសាវ័កនៃមនុស្សគ្រប់ជាតិសាសន៍

តើវាមានលក្ខណៈយ៉ាងម៉េចទៅ?

មនុស្សគ្រប់រូប មានផ្នែកនៃជីវិតដែលខ្លួនមានឥទ្ធិពល។ មនុស្សគ្រប់គ្នា មាននូវ “មេត្រូន”។ ពាក្យជាភាសាក្រិក សម្រាប់មេត្រូន មានន័យថា “ផ្នែកនៃការមានឥទ្ធិពល”។ វាជាបេសកកម្មមួយ ដែលព្រះជាម្ចាស់បានប្រទានដល់ពួក គេ នៅក្នុងចំណោមក្រុមមនុស្ស។

នៅពេលដែលយើងនិយាយថា “ឈោងចាប់មនុស្សទាំងអស់នៅក្នុងពិភពលោក” តើមានក្រុមមនុស្សអ្វីខ្លះ ដែល យើងកំពុងតែនិយាយ? អ្នកមាន? អ្នកក្រ? ស្ត្រី? បុរស? កុមារ? អ្នកមិនចេះដឹង? អ្នកចេះដឹង? អ្នកជំនួញ? វេជ្ជបណ្ឌិត? មេធាវី? កីឡាករ? តារាភាពយន្ត? តន្ត្រីករ? ប្រធានាធិបតេយ្យ? មេភូមិ?

មែនហើយ...គឺអ្នកទាំងអស់នេះ។ មនុស្សគ្រប់ប្រភេទ។

ដើម្បីជួយយើងរៀបចំផែនការយុទ្ធសាស្ត្រ វាជាការល្អដែលត្រូវដាក់មនុស្សទាំងអស់នេះទៅតាមផ្នែកផ្សេងៗ។ បើ យើងអាចដាក់ពួកគេទៅក្នុងផ្នែកមួយ ស្របតាមមេត្រូនរបស់ពួកគេនៅក្នុងជីវិត ឬកន្លែងដែលពួកគេរស់នៅ វា កាន់តែងាយស្រួលក្នុងការឈោងចាប់ពួកគេ ដោយមានយុទ្ធសាស្ត្រច្បាស់លាស់។

ព្រះយេស៊ូចាប់អារម្មណ៍លើការនាំជាតិសាសន៍ឲ្យក្លាយជាសាវ័ក។ មិនមែនគ្រាន់តែមនុស្សពីរបីនាក់នៅទីនេះឬទីនោះឡើយ ប៉ុន្តែ គឺប្រជាជាតិ ភូមិ និងទីក្រុងទាំងមូល!

មនុស្សម្នាក់បាននិយាយថា បើអ្នកចង់នាំការផ្លាស់ប្តូរវិជ្ជមានទៅ កាន់ប្រជាជាតិមួយ អ្នកត្រូវតែកំណត់ យល់ និងមានគ្រិស្តបរិស័ទ ជះឥទ្ធិពលនៅគ្រប់ផ្នែកក្នុងសង្គមនៃប្រជាជាតិនោះ។ មនុស្សម្នាក់ក៏បាននិយាយថា មានផ្នែកធំៗចំនួនប្រាំពីរនៅក្នុងសង្គម។

ព្រះជាម្ចាស់ នឹងមិនពេញចិត្តឡើយ លុះ ត្រាតែគ្រប់ផ្នែកទាំងអស់នៅលើផែនដី ត្រូវ បានប៉ះពាល់ ដោយព្រះរាជ្យរបស់ព្រះ។

យើងអាចយកមនុស្សទាំងអស់ ឬមនុស្សភាគច្រើននៅក្នុងពិភពលោក ហើយដាក់ពួកគេចូលទៅក្នុងផ្នែកមួយ ឬ ច្រើននៃសង្គម។ បន្ទាប់មក យើងលើកទឹកចិត្តគ្រិស្តបរិស័ទឲ្យពិចារណាថា ខ្លួនពួកគេជាបេសកជននៅក្នុងផ្នែកនៃ សង្គម ដែលព្រះជាម្ចាស់បានដាក់ពួកគេនៅក្នុង។ កិច្ចការនៃក្រុមជំនុំ គឺដើម្បីបំពាក់បំប៉នប្រជារាស្ត្ររបស់ព្រះឲ្យធ្វើ កិច្ចការរបស់ព្រះ...នៅក្នុងផ្នែកនៃសង្គមរបស់ពួកគេ។ អេភេសូ ៤:១១-១៦។ យើងលើកទឹកចិត្ត ចង្អុលបង្ហាញ និង បំពាក់បំប៉នគ្រិស្តបរិស័ទ មិនឲ្យគ្រាន់តែរស់នៅក្នុងផ្នែករបស់ពួកគេជាមនុស្សធម្មតាៗប៉ុណ្ណោះទេ ប៉ុន្តែ៖

១. រស់នៅជាអំបិល
២. រស់នៅជាពន្លឺ
៣. រស់នៅជាអ្នកដឹកនាំ
៤. រស់នៅ ដូចជាមនុស្សម្នាក់ដែលមានចម្លើយសម្រាប់បញ្ហានៅក្នុងផ្នែកនោះ ដោយសារតែពួកគេដឹងអំពីព្រះ បន្ទូលរបស់ព្រះជាម្ចាស់។
៥. រស់នៅ ជាក្បាល មិនមែនជាកន្ទុយគេឡើយ
៦. រស់នៅដោយមានគោលដៅឲ្យព្រះជាម្ចាស់ប្រើអ្នក ដើម្បីកសាងព្រះរាជ្យរបស់ទ្រង់នៅក្នុងផ្នែកនៃសង្គមនោះ

តើផ្នែកអ្វី ដែលព្រះជាម្ចាស់កំពុងតែត្រាស់ហៅអ្នកឲ្យមានឥទ្ធិពលវិជ្ជមាន?
ខាងក្រោមនេះ គឺជាផ្នែកទាំងប្រាំពីរនៃសង្គម ដែលក្នុងនាមយើងជាគ្រិស្តបរិស័ទ អាចផ្តោតលើ ដើម្បីបំផ្លាស់បំប្រែ ពិភពលោក។  

សូមអានខគម្ពីរខាងក្រោម ហើយមើលពីផែនការរបស់ព្រះសម្រាប់អ៊ីស្រាអែល ក៏ដូចជាផែនការរបស់ព្រះសម្រាប់ មនុស្សលោកទាំងអស់ផងដែរ៖
ទុតិយកថា ២៨:១-១៤
*ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជា ទាំងប៉ុន្មានរបស់ព្រះអង្គ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។” ប្រសិនបើអ្នកស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គនឹង ប្រទានពរគ្រប់យ៉ាងដល់អ្នក” គឺព្រះអង្គប្រទានពរដល់អ្នក នៅតាមទីក្រុង ព្រះអង្គប្រទានពរដល់អ្នកនៅតាមស្រែចម្ការ។ “ព្រះ អង្គប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកកើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើន ចំនួនឡើងជាច្រើនដែរ។ ព្រះអង្គប្រទានពរឲ្យអ្នកមានផ្លែឈើពេញល្អ ព្រមទាំងមានស្រូវពេញជង្រុក។
"ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
"ព្រះអម្ចាស់នឹងធ្វើឲ្យបច្ចាមិត្តបាក់ទ័ព រត់នៅពីមុខអ្នក។ ពួកគេចេញមកវាយអ្នក ដោយដើរតាមផ្លូវតែមួយ តែពួកគេនឹងរត់នៅ មុខអ្នក ទៅតាមផ្លូវប្រាំពីរ។
* ព្រះអម្ចាស់ប្រទានពរឲ្យអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ព្រះអង្គប្រទានពរជានិច្ច។ ព្រះអម្ចាស់ ជាព្រះរបស់ អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលព្រះអង្គប្រទានឲ្យអ្នក។” ពេលណាអ្នកប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃ អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងធ្វើឲ្យអ្នកទៅជាប្រជារាស្ត្រដ៏វិសុទ្ធ ដូចព្រះអង្គបានសន្យាជាមួយ អ្នក។ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងឃើញថា ព្រះអម្ចាស់បានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ហើយ ពួកគេនឹងកោតខ្លាចអ្នក។ “ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើន ដោយធ្វើឲ្យពូជពង្សរបស់អ្នក និង ហ្វូងសត្វរបស់អ្នកកើនចំនួនច្រើនឡើង ហើយក៏ធ្វើឲ្យអ្នកទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអង្គបានសន្យាដល់ បុព្វបុរស ថាប្រទានឲ្យអ្នកដែរ។” ព្រះអម្ចាស់នឹងបើកផ្ទៃមេឃ បង្ករភ្លៀងចុះមកស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងឲ្យទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។ ព្រះ អម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះអោនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្តាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃ នេះ។ “មិនត្រូវងាកទៅឆ្វេង ទៅស្តាំ ឆ្ងាយពីបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ហើយបែរទៅជំពាក់ចិត្ត និង គោរពថ្វាយបង្គំព្រះឯទៀតៗឡើយ»។
ខគម្ពីរទាំងនេះបង្ហាញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ចង់ឲ្យមានការផ្លាស់ប្រែនៅលើផែនដី។ វាបង្ហាញយ៉ាងច្បាស់ថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យឲ្យប្រើមនុស្សដ៏វិសុទ្ធរបស់ទ្រង់ ដើម្បីមានឥទ្ធិពលវិជ្ជមាននៅគ្រប់ផ្នែកនៃសង្គម នៅ ពេលដែលពួកគេស្តាប់បង្គាប់តាមទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិត និងនៅក្នុងមេត្រូនរបស់ ពួកគេ។
ឥទ្ធិពលវិជ្ជមាន៖
១. ក្លាយជាអំបិល ដើម្បីនាំមនុស្សមករកព្រះយេស៊ូ។ ពួកគេនឹងសួរថា “ហេតុអ្វីបានជាគ្រួសាររបស់អ្នកមានក្តី សុខម៉្លេះ? តើអ្នកបានគំនិតល្អៗទាំងនោះមកពីណា? សូមប្រាប់ខ្ញុំអំពីព្រះរបស់អ្នកមើល៍។”
២.ក្លាយជាពន្លឺ។ ពន្លឺបង្ហាញផ្លូវ។ ពន្លឺបំពេញសេចក្តីងងឹត។ ពន្លឺបើកភ្នែកឲ្យមើលឃើញ។ គ្រិស្តបរិស័ទ ត្រូវតែ ក្លាយជាពន្លឺ ដើម្បីបង្ហាញផ្លូវទៅកាន់ជីវិតគ្រួសារកាន់តែប្រសើរ មានភាពជោគជ័យនៅក្នុងផ្នែកហិរញ្ញវត្ថុ និង ជំនួញ មានការអប់រំ និងសីលធម៌ត្រឹមត្រូវ ការសំដែងរឿង តន្ត្រី ខ្សែភាពយន្ត ដែលមានភាពថ្លៃថ្នូរចំពោះ មនុស្ស។
៣.រស់នៅជាអ្នកដឹកនាំ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សរបស់ទ្រង់ឲ្យដឹកនាំ។ ព្រះជាម្ចាស់នឹងជួយអ្នក ហើយ តម្លើងឋានៈរបស់អ្នក។ ទ្រង់នឹងប្រទានប្រាជ្ញា និងនិមិត្តដល់អ្នក ស្របតាមផែនការរបស់ទ្រង់សម្រាប់មុខ ជំនួញ សិស្សនិស្សិត សាលារៀន ក្រុមជំនុំ រាជរដ្ឋាភិបាល។ មាគ៌ារបស់ព្រះ នាំមកនូវភាពជោគជ័យនៅគ្រប់ ផ្នែកនៃជីវិតរបស់អ្នក។
៤. រស់នៅ ដូចជាមនុស្សម្នាក់ ដែលមានចម្លើយ ដើម្បីដោះស្រាយបញ្ហា។ គ្រប់ក្រុមគ្រួសារ សុទ្ធតែមានបញ្ហា។ គ្រប់សាលារៀន សុទ្ធតែមានបញ្ហា។ គ្រប់មុខជំនួញ សុទ្ធតែមានបញ្ហា។ គ្រប់រាជរដ្ឋាភិបាល សុទ្ធតែមាន បញ្ហា។ ព្រះគម្ពីរ ពេញទៅដោយឧទាហរណ៍អំពីប្រជារាស្ត្ររបស់ព្រះ ដែលជួយអ្នកជឿ និងអ្នកមិនជឿនៅ ក្នុងផ្នែកទាំងប្រាំពីរនៃសង្គម ដើម្បីដោះស្រាយបញ្ហា។ យើងត្រូវតែផ្លាស់ប្តូរគំនិតរបស់យើងថា យើងនឹង ក្លាយជាអ្នកដឹកនាំ និងជាអ្នកដោះស្រាយបញ្ហានៅក្នុងមេត្រូន ដែលព្រះជាម្ចាស់ដាក់យើង! ប្រជារាស្ត្ររបស់ ព្រះ ត្រូវតែចេះព្រះបន្ទូល និងស្គាល់ព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីឲ្យយើងមានចំណេះក្នុងការដោះស្រាយ បញ្ហានៃពិភពលោក!៥. រស់នៅ ដោយមានគោលដៅកសាងព្រះរាជ្យរបស់ព្រះនៅក្នុងមេក្រូន និងផ្នែក ដែលព្រះជាម្ចាស់បានដាក់អ្នក។
នេះមានន័យថា ផ្លាស់ប្តូរបរិយាកាស។ នេះមានន័យថា ផ្លាស់ប្តូរការគិត។ នេះមានន័យថា ផ្លាស់ប្តូររបៀបធ្វើ មុខជំនួញ ឬរបៀបដែលរាជរដ្ឋាភិបាល បម្រើដល់ពលរដ្ឋខ្លួន ឬរបៀបដែលឧស្សាហកម្មខ្សែភាពយន្ត ជ្រើស រើសប្រធានបទភាពយន្តរបស់ពួកគេ ឬប៉ាពេលនៃបទចម្រៀង ដែលអ្នកចម្រៀងច្រៀង និងនិពន្ធ។

សេចក្តីសង្ខេប
ខ្ញុំពិតជាជឿថា យើងអាចនាំមកការផ្លាស់ប្តូរក្នុងសង្គមរបស់យើងបាន។ ខ្ញុំដឹងថា វាជាព្រះហឫទ័យរបស់ព្រះ។ ប្រយោគនិមិត្ត ដែលខ្ញុំបានបង្កើតសម្រាប់ក្រុមជំនុំជីវិតថ្មី ភ្នំពេញ ឆ្លុះបញ្ចាំងពីគោលបំណងរបស់ខ្ញុំ ដែលមក ប្រទេសកម្ពុជានៅក្នុងខែ មេសា ឆ្នាំ ១៩៩៥។ យើងមិនគ្រាន់តែដាំក្រុមជំនុំដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះ ទេ។ យើងមិនមែនគ្រាន់តែដាំក្រុមជំនុំនៅគ្រប់បណ្តាខេត្តក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ យើងត្រូវកសាងព្រះ រាជ្យរបស់ព្រះនៅគ្រប់មនុស្ស គ្រប់ភូមិ គ្រប់ទីក្រុង និងគ្រប់ផ្នែកនៃសង្គមជាតិក្នុងប្រទេសកម្ពុជា។
“ដាំក្រុមជំនុំសម្ពន្ធមេត្រីថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដែលនឹងមានឥទ្ធិពលវិជ្ជមាននៅគ្រប់ផ្នែកនៃសង្គម ដូចជា សាសនា ទំនាក់ទំនងសង្គម ការអប់រំ ជំនួញ រាជរដ្ឋាភិបាល សិល្បៈ និងការកំសាន្ត និងប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេក វិទ្យាស៊ីនធើណិត ហើយយើងនឹងដាំក្រុមជំនុំ ដែលមានគ្រឹះមូលដ្ឋាន និងទស្សនវិជ្ជាដូចគ្នានៅគ្រប់ខេត្តក្រុងនៃ ប្រទេសកម្ពុជា ហើយបញ្ជូនជនជាតិខ្មែរ ជាបេសកជនទៅកាន់ប្រទេសដទៃទៀត។”
ខ្ញុំជឿថា និមិត្តនេះឆ្លុះបញ្ចាំងពីព្រះហឫទ័យរបស់ព្រះ និងផែនការរបស់ព្រះសម្រាប់មនុស្សនៅក្នុងជីវិតនេះ។ ខ្ញុំបាន ដាក់ជីវិតរបស់ខ្ញុំចំពោះនិមិត្តនេះ។ នៅផ្នែកបន្តបន្ទាប់ទៀតនៃសៀវភៅនេះ នឹងពណ៌នាកាន់តែលម្អិតអំពីគោលលទ្ធិ ព្រះគម្ពីរសម្រាប់ និងអ្វីដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ និងអ្វីដែលវានឹងកើតឡើងនៅក្នុងជីវិត របស់អ្នក!

លោក ឆាល ម៉ាខល
ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧
ភ្នំពេញ កម្ពុជា


Previous Post Next Post
trinity Cambodia

نموذج الاتصال