ការអធិស្ឋាន



ដ្បិត​រលក​នៃ​សេចក្ដី​ស្លាប់​បាន​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ សេចក្ដី​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូល‌បង្គំ។ ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រុំ​រួប​ជុំវិញ​ទូល‌បង្គំ ខ្សែ‌រូត​នៃ​សេចក្ដី​ស្លាប់​បាន​ស្ទះ​ផ្លូវ​ទូល‌បង្គំ​ហើយ នៅ​គ្រា​មាន​សេចក្ដី​វេទនា នោះ​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូល‌បង្គំ​ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ សម្រែក​របស់​ទូល‌បង្គំ​បាន​ឮ​នៅ​ព្រះ‌កាណ៌​ទ្រង់
សាំយូអែល ទី ២ 22:5-7

ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូល‌បង្គំ គឺ​នៅ​ពេល​ព្រឹក ទូល‌បង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង
ទំនុកដំកើង 5:3

ដ្បិត​ទ្រង់​មិន​បាន​មើល‌ងាយ ឬ​ខ្ពើម​ឆ្អើម ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្ស ដែល​គេ​រង​ទុក្ខ​នោះ​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌‌ភ័ក្ត្រ​នឹង​អ្នក​នោះ​ដែរ គឺ​កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​បាន​ស្តាប់​តាម
ទំនុកដំកើង 22:24

ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​តម្កើង​ដល់​អញ។
ទំនុកដំកើង 50:15

ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន
ទំនុកដំកើង 55:17

ជន​ទាំង‌ឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក​សម្រាប់​យើង​ខ្ញុំ។ –បង្អង់
ទំនុកដំកើង 62:8

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែង ដែល​គ្មាន​ទឹក​ សោះ
ទំនុកដំកើង 63:1

បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន
ទំនុកដំកើង 66:18,19

ទ្រង់​តែង‌តែ​ទទួល​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា ឥត​ដែល​មើល‌ងាយ​ចំពោះ​ពាក្យ​សូម​អង្វរ​របស់​គេ​ឡើយ
ទំនុកដំកើង 102:17

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ទត​មើល សេចក្ដី​វេទនា​របស់​គេ ក្នុង​កាល​ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ដែរ ទ្រង់​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ចំពោះ​គេ ហើយ​បាន​ប្រែ​គំនិត​ទៅ ដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់
ទំនុកដំកើង 106:44, 45

ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​អស់​១​ជីវិត
ទំនុកដំកើង 116:1,2

មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​ទុក​នូវ​សេចក្ដី​បន្ទាល់ របស់​ទ្រង់ ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត
ទំនុកដំកើង 119:2

ទូល‌បង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ឱ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់ របស់​ទ្រង់​ឡើយ
ទំនុកដំកើង 119:10

អើ ឱ​សាសន៍​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ឯង​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ទ្រង់​នឹង​មាន​ព្រះ‌គុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក​កាល​ណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង
អេសាយ 30:19

ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង
អេសាយ 45:11

ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ
អេសាយ 55:6

ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌‌ភ័ក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។
អេសាយ 64:7

គ្រា​នោះ​មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ
អេសាយ 65:24

ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​និង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត
យេរេមា 29:13

ចូរ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​និង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​ឯង​មិន​ដឹង
យេរេមា 33:3

ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ទ្រង់ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។
បរិទេវ 2:19

ចូរ​យើង​ពិចារណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ចូរ​ឲ្យ​យើង​តម្រង់​ចិត្ត​ឡើង​ទៅ​ឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ដៃ​យើង​ផង
បរិទេវ 3:40, 41

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅ‌សោក​ឥឡូវ​នេះ​ចុះ
Joel 2:12

កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​របស់​គេ​ហើយ
ម៉ាថាយ 6:5

តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់ ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន
ម៉ាថាយ 6:6,7

ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក
ម៉ាថាយ 7:7

តែ​អារក្ស​បែប​យ៉ាង​នេះ វា​ចេញ​ទៅ​ដោយ‌សារ​តែ​អធិស្ឋាន ហើយ​និង​តម​អត់​ប៉ុណ្ណោះ។
ម៉ាថាយ 17:21

ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយ នៅ​ស្ថាន‌សួគ៌​ដែរ មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សម្រេច​ដល់​គេ អំពី​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​កន្លែង​ណា​ដែល​មាន​២ ឬ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ។
ម៉ាថាយ 18:18, 19B, 20

ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ​ឥត​សង្ស័យ​សោះ នោះ​អ្នក​រាល់​គ្នា​នឹង​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​ការ​ដែល​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ​ទេ គឺ​ទោះ​បើ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ឲ្យ​ឯង​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ នោះ​គង់​តែ​នឹង​បាន​កើត​ដូច្នោះ​ដែរ ហើយ​គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន​សូម ដោយ​មាន​ចិត្ត​ជឿ នោះ​នឹង​បាន​សម្រេច​ទាំង​អស់។ អំណាច​របស់​ព្រះ‌យេស៊ូវ
ម៉ាថាយ 21:21B, 22

កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច​ទៀត នោះ​ទ្រង់​ទម្លាក់​អង្គ ផ្កាប់​ព្រះ‌‌ភ័ក្ត្រ​ចុះ​អធិស្ឋាន​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង នេះ​កន្លង​ហួស​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ
ម៉ាថាយ 26:39

ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន
ម៉ាកុស 11:24

បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ
លូកា 11:9, 10

ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល​សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ឡើង
លូកា 22:31,32

ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្រេច​ឲ្យ ដើម្បី​ឲ្យ​ព្រះ‌វរ‌បិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា
យ៉ូហាន 14:13, 14

បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន
យ៉ូហាន 15:7

នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះ‌វរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត។
យ៉ូហាន 16:23B, 24

លោក​ក៏​មិន​បាន​សង្ស័យ​ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត​តែ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរ‌តម្កើង​ដល់​ព្រះ​វិញ ហើយ​ក៏​ជឿ‌ជាក់​អស់​ពី​ចិត្ត​ថា សេចក្ដី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន
រ៉ូម 4:20, 21

ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្ដី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ ប៉ុន្តែ ព្រះ‌អង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះ‌ហឫទ័យ​ព្រះ
រ៉ូម 8:26,27

ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា
អេភេសូ 3:20

ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន និង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន និង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់
អេភេសូ 6:18

ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ
ថែស្សាឡូនីច​ទី​១ 5:17

ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង និង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ
ធីម៉ូថេ​ទី​១ 2:8

ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។
ហេព្រើរ 4:16

ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ‌សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។
ហេព្រើរ 7:25

តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។
ហេព្រើរ 11:6

តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ
យ៉ាកុប 1:6, 7

ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សម្អាត​ចិត្ត​ឡើង
យ៉ាកុប 4:8

ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សម្រេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ
យ៉ូហាន​ទី​១ 3:22

យើង​ក៏​មាន​សេចក្ដី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ។
យ៉ូហាន​ទី​១ 5:14,15

Previous Post Next Post
trinity Cambodia

نموذج الاتصال